ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកបាទី ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្រោយពីធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ

តាកែវ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ព្រមទាំងដកហូតបានម៉ូតូ០៤គ្រឿង ផ្លាកលេខម៉ូតូចំនួន០៣ផ្លាក ។

បន្ទាប់ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អស់មួយរយ: ពាក់ព័ន្ធករណីកាប់ប្លន់តាមផ្លូវ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីសំណាក់ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានធ្វើការកំណត់មុខសញ្ញា រហូតដល់ឈានដល់ឃាត់ខ្លួនបានជស្ស័យចំនួន០៣នាក់ រួមមាន៖

ទី១-ឈ្មោះ រ៉េត ចិត្រា ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ ទី២-ឈ្មោះ វ៉ន ចន្ថា ហៅវ៉ិត ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ និងទី៣-ឈ្មោះ លោ ភារ័ត្ន ហៅបូរី ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ នៅត្រង់ចំណុច ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ចំណែកបក្ខពួកមួយចំនួនទៀតបានរត់គេចខ្លួន កម្លាំងជំនាញបានកំណត់អត្តសញ្ញាណ និងបន្តស្រាវជ្រាវបន្ថែម ។ សូមបញ្ជាក់ជូនថាមុខសញ្ញាទាំងនេះ តែងធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូ និងឆក់យ៉ាងសកម្មក្នុងភូមិសាស្រ្តស្រុកបាទី ដូចជាបណ្តោយផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ២, ផ្លូវលេខ១២២A (ចាប់ពីវត្តអង្គរោង ដល់សាលាវិទ្យាល័យបាទី ), ផ្លូវលេខ១២២ (ចាប់ពីផ្សារសំរោងយ៉ោង ដល់ផ្សារត្រាំខ្នារ) ។

បច្ចុប្បជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកជនសង្ស័យកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសឱ្យខានតែបាន ចំណែកម៉ូតូរបស់ជនរងគ្រោះ ដោយបានការឯកភាពរបស់ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានប្រគល់ជូនជនរងគ្រោះ ដើម្បីប្រើប្រាស់វិញ ៕

មតិយោបល់