ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុងសែនមនោរម្យ បង្រ្កាបជនសង្ស័យម្នាក់ ករណីធ្វើសកម្មភាពលួចម៉ូតូHonda Icon

មណ្ឌលគិរី: យោងតាមផេក អធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ បញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី ក្នុងការបង្ការបង្ក្រាប និងទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទ នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃសុក្រ ៤ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ធ្វើការបង្រ្កាបចាប់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ។

ជនសង្ស័យទី១មានឈ្មោះ ស៊ិន សុខុម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិជ្រៃសែន សង្កាត់មនោរម្យ ខេត្តមណ្ឌលគិរី ។

បានធ្វើសកម្មភាពលួចម៉ូតូម៉ាក Honda Icon ពណ៌ខ្មៅ ពាក់ស្លាកលេខ មណ្ឌលគិរី 1A-2303 ស្ថិតនៅត្រង់ចំណុចភូមិចំប៉ក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្រោយពីបានទទួលបានព័ត៌មានតាមទូរស័ព្ទ ពីប្រជាពលរដ្ឋភ្លាមៗ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងសែនមនោររម្យ បានចុះស្រាវជ្រាវរហូតឈានទៅចាប់ខ្លួនជនសង្ស័យបានតែម្តង រីឯជនសង្ស័យទី២មានឈ្មោះ ចក់ វិត ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបមិនពិតប្រាកដ មានទីលំនៅ ភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។ ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ ផន សុខា ភេទស្រី អាយុ៤៥ឆ្នាំ មុខរបមេផ្ទះរស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់កាទៅតាមនីតិវិធី​ច្បាប់ ៕

មតិយោបល់