ព័ត៌មានជាតិ

បុរសជនជាតិចិន បើករថយន្តហាយឡែនឌ័រ បុកម៉ូតូហុងដាឌ្រីម២គ្រឿង បណ្ដាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាកហាយឡែនឌ័រ១គ្រឿង ក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកកៀរពីក្រោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ចំនួន២គ្រឿង បណ្ដាលឲ្យរងការខូចខាត ហើយមនុស្សចំនួន៤នាក់ រងរបួសធ្ងន់ស្រាល ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅលើមហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចក្រោមស្ពានអាកាសផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ក្រហម១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AN-9863 ។ បើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1G-2698 ដែលកំពុងបើកបរស្របគ្នា ។

ប្រភពដដែលបានប្រាប់ឲ្យដឹងថា បន្ទាប់មកទៀតបានជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1N-9980 មួយគ្រឿងទៀត ដែលកំពុងបើកបរស្របទិសគ្នាដែរ បណ្ដាលឲ្យដួលរងការខូចខាតទាំង២គ្រឿង ហើយអ្នកជិះម៉ូតូចំនួន៤នាក់រងរបួស ចំណែករថយន្តក៏រងការខូចខាតដែរ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះទៅទៅធ្វើការវាស់វែង និងឲ្យភាគីទាំង៣សម្របសម្រួលគ្នា ៕

មតិយោបល់