ព័ត៌មានជាតិ

សង្សារវ័យក្មេង១គូជិះម៉ូតូScoopy មួយគ្រឿងឌុបគ្នា ត្រូវរថយន្តដឹកទឹកកកបុកនិងកិន បណ្តាលឲ្យយុវតីម្នាក់ស្លាប់បាត់បង់ជីវិត

ភ្នំពេញ: នៅវេលាម៉ោង០១និង៤០នាទីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ សង្សារវ័យក្មេង១គូទើបនឹងស្គាល់គ្នា តាមហ្វេសប៊ុកបានរយ:១០ថ្ងៃ ជិះម៉ូតូ Scoopy មួយគ្រឿងឌុបគ្នា ពាក់ស្លាកលេខកណ្តាល 1Z-5229 ក្នុងគោលបំណងទៅលេងផ្ទះបងប្អូន ត្រូវរថយន្តដឹកទឹកកកបុកនិងកិនស្លាប់ខាងស្រីនៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញបុរសនារីពីរនាក់ជិះម៉ូតូ Scoopy មួយគ្រឿងឌុបគ្នា ពណ៌ស ពាក់ស្លាកលេខកណ្តាល 1Z-5229 ធ្វើដំណើរចេញពីម្តុំផ្សារដីហុយ ដោយជិះតាមបណ្តោយផ្លូវហាណូយ ឆ្ពោះទៅម្តុំវត្តសំរោងអណ្តែត ក្នុងគោលបំណងទៅ លេងផ្ទះបងប្អូននៅទីកន្លែងនោះ ។ លុះពេលជិះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តប្រភេទដឹកទឹកកកមួយគ្រឿង បើកបរបានបុកម៉ូតូនិងកិនបណ្តាលឲ្យនារីរងគ្រោះស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ។ ចំណែកបុរសមិនមានរបួសនោះទេ ។

តាមប្រភពព័ត៌មានពីបុរសរងគ្រោះ ក្នុងហេតុការណ៍នោះ បាននិយាយបញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថា នារីរងគ្រោះត្រូវជាសង្សារ ដែលទើបនឹងស្គាល់គ្នា តាមហ្វេសប៊ុកបានរយ:ពេល១០ថ្ងៃតែប៉ុណ្ណោះ ។ ហើយថ្ងៃកើតហេតុនេះ ដោយពួកគេទាំងពីរនាក់ ទំនេរពីការងារ បានជិះម៉ូតូឌុបគ្នាទៅលេងផ្ទះបងប្អូន មិនទាន់ទាំងទៅដល់ផងនោះ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍នូវពាក់កណ្តាលផ្លូវ បណ្តាលឲ្យនារីជាសង្សារនោះស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ឃាត់ខ្លួនតៃកុងរថយន្តបង្កហេតុខាងលើនោះ នាំទៅកាន់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរទៅតាមនីតិវិធី និងវាស់វែងយករថយន្តនិងម៉ូតូទៅ រក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនាពេលក្រោយទៅតាមច្បាប់ ។ ចំណែកសាកសពនារីរងគ្រោះ ត្រូវកម្លាំងសមត្ថកិច្ចធ្វើកំណាត់ហេតុ ប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់