ព័ត៌មានជាតិ

នារីជាអ្នកលក់អនឡាញដ៏ល្បីម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក BMW បំពានស្តុបជ្រុលទៅបុកហាយលែនឌ័រ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាក BMW មួយគ្រឿងដែលគេស្គាល់ថា ជារថយន្តរបស់នាក់នាងម៉ូនីកាដែលជាមេតុងទីន និងជានាក់លក់អនឡាញដ៏ល្បីឈ្មោះមួយរូប នៅក្នុងបណ្តាញសង្គម បានជួបគ្រោះថ្នាក់ចរាចរណ៍បើកលឿនបំពានស្តុបមិនគោរពច្បាប់ចរាចរណ៍ជ្រុលទៅបុករថយន្តហាយឡែនឌ័របើកបត់ឆ្លងផ្លូវចំពាក់កណ្តាលកង់ខាងក្រោយផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២ជាងរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៨២ ត្រង់ចំណុចស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1503 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងស្តុបខៀវបម្រុងនិងជិះកាត់តាមបណ្តោយផ្លូវម៉ៅសេទុង ខណ:ពេលបត់ដល់ពាក់កណ្តាលផ្លូវ គាប់ជួនស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក BMWពណ៌ស មិនមានស្លាកលេខ បើកបរដោយនារីម្នាក់ដែលគេស្គាល់ថា ជាមេតុងទីន និងជានាក់លក់អនឡាញដ៏ល្បីឈ្មោះមួយរូបនៅក្នុងបណ្តាញសង្គម គឺនាក់នាងម៉ូលីកា បើកបរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ទាំងបំពានស្តុបក្រហមមិនគោរពច្បាប់ចរាចរណ៍ ក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័រ ចំកង់ខាងក្រោយចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់កង់ និងខូចខាតកាងពីក្រោយយ៉ាងដំណំ ចំណែកឯរថយន្តបង្កម៉ាក BMW វិញរងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរផងដែរ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរ នារីជានាក់បើកបរបានឡើងកង់បីជិះចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅខាងផ្នែកជំនាញ ឲ្យចុះមកពិនិត្យនិងធ្វើកំណត់ហេតុវាយករថយន្តទាំង ២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់