ភ្នំពេញៈ នាវេលាម៉ោង ១០យប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីកម្មករសំណង់ជាច្រើននាក់ បានចេញពីរោងកម្មករមកធ្វើការតវ៉ា បន្ទាប់ពីមានសន្តិសុខដែលយាមច្រកចេញចូល បានវាយកម្មករសំណង់បណ្តាលឲ្យរងរបួស ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចរោងកម្មករបុរីវិមានភ្នំពេញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ឈូន ឆៀង អាយុ ២៨ឆ្នាំ ជាកម្មករសំណង់ស្នាក់នៅកន្លែងកើតហេតុ។
ប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា គាត់បានមកធ្វើការជាកម្មករសំណង់ នៅក្នុងការដ្ឋានរបស់បុរីវិមានភ្នំពេញ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ មិនដែលមានទំនាស់ឬមានគំនុំជាមួយអ្នកណានោះទេ។ ហើយនៅមុនពេលកើតហេតុគឺជាវេលាដែលកម្មករទាំងអស់ ដល់ពេលត្រូវសំរាកពីការងារហើយកម្មករទាំងអស់ ក៏បានវិញចូលកន្លែងសំរាករៀងៗខ្លួន។ លុះដល់វេលាម៉ោងប្រមាណ ៨យប់ មុនពេលកើតហេតុដោយជនរងគ្រោះដេកមិនលក់ជនរងគ្រោះ ក៏បានទៅឈប់និយាយលេងជាមួយកម្មករសំណង់ប្រុសៗពីរទៀត នៅខាងមុខរោងដែលពួកគាត់ស្នាក់នៅ មួយស្ទុះក្រោយមកក៏ស្រាប់តែមានសន្តិសុខ ដែលយាមនៅច្រកចេញចូលរោងកម្មករកើតហេតុចំនួនពីរនាក់ បានជិះម៉ូតូមករួចក៏បានស្រែកថា”ហែងស្ងាត់អត់ៗហែងចង់ម៉េច?”។ រួចសន្តិសុខទាំងនោះក៏បានយកវិទ្យុទាក់ទង (អាយកូម) វាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសបែកក្បាល និងវាយទៅលើបុរសទាំងពីរនាក់ដែលឈរជាមួយជនរងគ្រោះបន្ថែមទៀត បណ្ដាលឲ្យរងរបួសស្រាល បន្ទាប់មកសន្តិសុខទាំងនោះក៏បាននាំជនរងគ្រោះទៅកាន់ប៉ុស្តិ៍យាមរបស់ខ្លួន ដោយមិនប្រាប់ពីមូលហេតុឲ្យបានច្បាស់លាស់នោះទេ។ លុះដល់វេលាកើតហេតុក៏បង្កឲ្យមានការភ្ញាក់ដល់កម្មករទាំងអស់នាំគ្នាឆោឡោ ចេញមកធ្វើការតវ៉ាបង្កឲ្យមានការភ្ញាក់ដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។ កម្មករដែលនាំគ្នាចេញមកធ្វើការតវ៉ាបានប្រាប់បន្ថែមទៀតថា នេះមិនមែនជាលើកទីមួយនោះទេ ដែលសន្តិសុខបានប្រើប្រាស់អំពើហិង្សាទៅលើកម្មករ កន្លងមកសន្តិសុខទាំងនោះក៏ធ្លាក់ប្រើប្រាស់អំពើហិង្សាទៅកម្មករប៉ុន្មានដងមកហើយ ថែមទាំងបញ្ឈប់ពួកគេពីការងារថែមទៀតផង។
ជុំវិញលើហេតុការណ៍នេះ ភាគីខាងសន្តិសុខមិនបានបញ្ជាក់ប្រាប់អ្វីនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បាននាំសន្តិសុខដែលបានបង្កហេតុ និងជនរងគ្រោះទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលឃ្មួញ ដើម្បីរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់