ព័ត៌មានជាតិ

កម្ពុជា-អូស្រ្តាលី សន្យាជំរុញលើវិស័យពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និងបង្កើនសិស្ស និស្សិតទៅសិក្សា

ភ្នំពេញ: ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា លោកស្រី Angela Corcoran បានសន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-អូស្រ្តាលី លើវិស័យ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ និងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាទៅរៀននៅប្រទេសអូស្រ្តាលីបន្ថែមនៅក្នុងឆ្នាំនេះ។

លោក សន សារ៉ាណា ទីប្រឹក្សាផ្ទាល់ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានប្រាប់អ្នកសាសរព័ត៌មាននៅក្រោយជំនួបនេះថា លោកស្រី អានជីឡា ខូខូរ៉ាន់ ( H.E Mrs Angela Corcoran) ត្រូវបានអនុញ្ញាតឲ្យចូលជួបធ្វើសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា នៅថ្ងៃទី២៥ ខែសីហានេះនាវិមានរដ្ឋសភា ។ ដោយលោកស្រីបានសន្យាថា “នឹងបន្តកិច្ចសហប្រតិបត្តិការ លើទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងកម្ពុជា អូស្រ្តាលី នៅក្នុងអាណត្តិការទូតរបស់លោកស្រី ព្រោះទំនាក់ទំនងនេះបានកើតឡើងជាង៦០ឆ្នាំមកហើយ ហើយប្រទេសទាំងពីរបានចាប់ដៃគ្នាទប់ស្កាត់អំពើរជួញដូរមនុស្ស ការរត់ពន្ធគ្រឿងញៀន បង្កើតឲ្យមានសន្តិសុខប្រទេស ពាណិជ្ជកម្ម វិនិយោគ ពិសេសអូស្រ្តាលីបានទទួលសិស្ស និស្សិត កម្ពុជាចំនួន១១៦០នាក់ ក្នុងនោះរដ្ឋាភិបាលផ្តល់អាហារូបករណ៍ចំនួន៦០នាក់ដល់និស្សិតបានទៅសិក្សានៅអូស្រ្តាលី និងនៅឆ្នាំខាងមុខនឹងបង្កើនចំនួននេះថែមទៀត”។

លោកស្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍភាពរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ ដែលបានកសាងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសធ្វើឲ្យប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គៀងគរអ្នកវិនិយោគឲ្យមកបណ្តាក់ទុនរកស៊ី និងមានកំណើនទេសចរណ៍គួរឲ្យកត់សម្គាល់ និងធ្វើឲ្យសេដ្ឋកិច្ចផ្លាស់ប្តូរពីមានចំណូលកម្រិតទាប ទៅមានចំណូលកម្រិតទាបមធ្យម។

ទីប្រឹក្សារូបនេះបញ្ជាក់ថា តាមរយ:លោកស្រីឯកអគ្គរដ្ឋទូត រដ្ឋសភាអូស្រ្តាលីបានផ្ញើលិខិតអញ្ជើញសមាជិករដ្ឋសភាកម្ពុជាមួយរូប ដើម្បីទៅចូលរួមជាភ្ញៀវកិតិ្តយរបស់សភាអូស្ត្រាលីនៅក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ ក្នុងក្របខណ្ឌ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាបានស្គាល់អំពីការគ្រប់គ្រងរដ្ឋ រដ្ឋសភាក្នុងបណ្តាប្រទេសនីមួយៗក្នុងតំបន់។

ជាការឆ្លើយតបសម្តេចប្រធាន បានសម្តែងការស្វាគមន៍ និងអបអរលោកស្រីដែលត្រូវបានមកបំពេញបេសកកម្មការទូតថ្មីនៅកម្ពុជា ហើយតាមរយ:នេះសម្តេចបានថ្លែងអំណរគុណរដ្ឋសភា រដ្ឋាភិបាលអូស្រ្តាលីដែលបានផ្តល់ជំនួនដល់កម្ពុជាក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គម និងបានជួយកសាងធនធានមនុស្សនៅកម្ពុជា។

សម្តេចប្រធានបានស្នើសុំឲ្យពិនិត្យលទ្ធភាពបន្ថែមចំនួននិស្សិត និងអាហាររូបករណ៍ដល់កម្ពុជា សម្តេចមានជំនឿថា បេសកកម្មការទូតរបស់លោកស្រីនឹងជម្រុញយ៉ាងខ្លាំងក្លាថែមទៀត លើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ ទេសចរណ៍និងវប្បធម៌រវាងប្រទេសទាំងពី៕

កម្ពុជា-អូស្រ្តាលី (3)

កម្ពុជា-អូស្រ្តាលី (4)

កម្ពុជា-អូស្រ្តាលី (5)

កម្ពុជា-អូស្រ្តាលី (6)

កម្ពុជា-អូស្រ្តាលី (7)

កម្ពុជា-អូស្រ្តាលី (1)

កម្ពុជា-អូស្រ្តាលី (2)

មតិយោបល់