ស្វាយរៀងៈ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា វេលាម៉ោង ០៩និង៣០ នាទីព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានករណីអគ្គិភ័យមួយបានកើតឡើង នៅត្រង់ចំណុច ភូមិស្វាយង៉ោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បណ្ដាលឲ្យឆេះផ្ទះទំហំ ៧x១២ ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់ក្បឿង បេតុងក្រោម ជារបស់ជនរងគ្រោះឈ្មោះ កៅ យ៉ាន ភេទ ប្រុស អាយុ ៧០ ឆ្នាំ រស់នៅក្នុងភូមិ ឃុំកន្លែងកើតហេតុខាងលើ បណ្ដាលឲ្យបាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុ ។
សម្ភារៈខូចខាតរួមមាន៖
- ផ្ទះចំនួន ០១ ខ្នង
- រថយន្តសាំយ៉ុងចំនួន ០១ គ្រឿង
- ប្រាក់ចំនួន ០១ លានរៀល
- ប្រាក់ដុល្លារចំនួន ១០០០ ដុល្លារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។
ពេលទទួលបានព័ត័មានកម្លាំងការិយាល័យជំនាញ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត អធិការដ្ឋានស្រុកស្វាយជ្រំ និងអធិការដ្ឋានក្រុងស្វាយរៀង បានចេញរថយន្តអគ្គិភ័យជួយអន្តរាគមន៍សង្គ្រោះចំនួន ០៥ គ្រឿង រថយន្តអគ្គិភ័យរបស់នគរបាលខេត្តចំនួន ០២ គ្រឿង រថយន្តរបស់កងរាជអាវុធហត្ថចំនួន ០១ គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលក្រុង និងស្រុកចំនួន ០២ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០៨ រថយន្ត ស្មើ ៥៦ ម៉ែត្រគូប គ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ១០និង៣០ នាទី ក្នុងថ្ងៃខែឆ្នាំដដែល ។
មូលហេតុៈ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆាបឆេះផ្ទះតែម្ដង ៕








មតិយោបល់