ព័ត៌មានជាតិ

កម្ពុជា​នាំ​ចេញ​កៅស៊ូ​បាន ៧៤.២០០​តោន ក្នុង​ឆ្នាំ ២០១៣ កើនឡើង ៣៤%

​ភ្នំពេញ​៖ ការនាំ​ចេញ​កៅស៊ូ​ស្ងួត​របស់​ប្រទេស​កម្ពុជា​បាន​កើនឡើង ៣៤​ភាគរយ នៅក្នុង​ឆ្នាំ ២០១៣ ដោយសារ​តម្រូវការ​កើនឡើង​នៅ​ទូទៅ​ពិភពលោក​។ នេះ​បើ​យោង​តាម​តួលេខ​របស់​ក្រសួង​ពាណិជ្ជកម្ម បង្ហាញ​ឲ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​ប្រទេស​នេះ បាន​នាំ​ចេញ​កៅស៊ូ​ស្ងួត​ចំនួន ៧៤.២០០​តោន កាលពី​ឆ្នាំមុន គឺ​បាន​កើនឡើង ៣៤​ភាគរយ ដែល​កាលពី​ឆ្នាំ ២០១២ មាន​ចំនួន ៥៥.៣៤៤​តោន ដែល​ទទួលបាន​ប្រាក់ចំណូល ១៧០ លាន​ដុល្លារ អាមេរិក​។​

​ម៉ុក គឹមហុង ប្រធាន​សមាគម​កៅស៊ូ​កម្ពុជា បានឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា កៅស៊ូ​ស្ងួត​ទម្ងន់​មួយ​តោន​មានតម្លៃ​ប្រហែល ២.២០០​ដុល្លារ​សហរដ្ឋអាមេរិក នៅក្នុង​សប្តាហ៍​នេះ ដោយ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី ៣.២៩០​ដុល្លារ​សហរដ្ឋអាមេរិក នៅពេល​នេះ​កាលពី​ឆ្នាំមុន​។​

“​តម្រូវការ​កៅស៊ូ​នៅ​តែ​កើនឡើង ប៉ុន្តែ​តម្លៃ​គឺ​មិន​ល្អ​”​។ នេះ​ជា​សំដី​របស់​លោក ម៉ុក គឹមហុង​បាន​បន្ថែម​។ លោក​បាន​បន្តទៀតថា កៅស៊ូ​ស្ងួត​របស់​កម្ពុជា​ត្រូវបាន​គេ​លក់​ទៅ​ឲ្យ​ប្រទេស​ចិន កូរ៉េខាងត្បូង ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី និង​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​។​
​ប្រទេស​កម្ពុជា បាន​ដាំ​ដើម​កៅស៊ូ នៅលើ​ផ្ទៃដី ប្រមាណ​ជា ៣០០.០០០​ហិកតា និង​មាន​ប្រហែល ៥៥.០០០ ហិកតា មាន​អាយុ​គ្រប់គ្រាន់​៕​
RUBBER

មតិយោបល់