ព័ត៌មានជាតិ

ករណីម៉ូតូចំនួន០៣គ្រឿងបុកបន្តគ្នា បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់ស្រាល៣នាក់

បន្ទាយមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០៣គ្រឿង បុកបន្តគ្នា បណ្តាលឲ្យមនុស្ស​ ២នាក់​ស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ស្ថិតលើផ្លូវជាតិលេខ៥៩ ត្រង់ចំណុចចន្លោះបង្គោលគីឡូលេខ ៧-៨ ភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ មានម៉ូតូហុងដាទ្រីម ០១គ្រឿង បើកបរពីកើតទៅលិច បានបុកម៉ូតូអ៊ិចសិនទ័រ​បើកបរពីលិចទៅកើតច្រាសទិសគ្នា បណ្តាលឲ្យដួលគ្រោះថ្នាក់ បន្ទាប់មកមានម៉ូតូម៉ាកហុងដាវេវ ០១គ្រឿង បើកបរពីកើតទៅលិចបានបុកបន្តគ្នា ។

នគរបាលបានបន្តថា៖ ក្នុងហេតុការណ៍នេះម៉ូតូហុងដាឌ្រីមជិះគ្នា០២នាក់ ស្លាប់ទាំង០២នាក់មាន៖ ១-ឈ្មោះ ហាក់ ជីចា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ) ។ ២-ឈ្មោះ ផៅ ឃឹម ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ) ។ ម៉ូតូអ៊ិចសិនទ័រជិះគ្នា០២នាក់ រងរបួសធ្ងន់ទាំង០២នាក់៖ ១-ឈ្មោះ ដែន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់ទួលពង្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២-ឈ្មោះ តិក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់អន្លង់ស្វាយ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អ្នកទាំង០២ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ ។ ចំណែកខាងម៉ូតូវេវរបួសស្រាល ០១នាក់ ឈ្មោះ ឃុន នី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់ទួលពង្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (រងរបួសស្រាល ) ត្រូវបានសាច់ញាតិដឹកយកទៅពេទ្យ ។

នគរបាលបានបញ្ជាក់ថា៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅមិនដឹងពីមូលហេតុនោះទេ ស្ថិតក្នុងការស្រាវជ្រាវ ។ ចំពោះវត្ថុតាងម៉ូតូខូចធ្ងន់០២គ្រឿង ម៉ាកហុងដាឌ្រីម និងម៉ូតូអ៊ិចសិនទ័រ ខូចស្រាល០១គ្រឿងម៉ាកវេវ យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រង់ចាំធ្វើការស្រាវជ្រាវពីមូលហេតុ និងដោះសា្រយនៅពេលក្រោយ ៕

មតិយោបល់