បុរសម្នាក់ស្រវឹងស្រា និងខឹងប្រពន្ធ បានប្រើពូថៅគប់រថយន្តអ្នកដទៃ ត្រូវនគរបាលឃាត់ខ្លួន
បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២១និង០០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ចំណុចក្រុមទី១៦ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីហិង្សាធ្វើឱ្យខូចខាតដោយចេតនា ទៅលើរថយន្តរបស់ឈ្មោះ ចែត សុខជា ហៅជ័យ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិត្រពាំងព្រៃ ឃុំក្សេមក្សាន្ត ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។
ក្រោយពីទទួលបណ្ដឹងពីម្ចាស់រថយន្ត អនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនដៃដល់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទី មានឈ្មោះ កយ កុសល ហៅ វ៉ិត ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅក្រុមទី០៤ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពប្រើប្រាស់ពូថៅគប់ទៅលើរថយន្តដឹកពោងស៊ីម៉ងត៏ម៉ាក Hyundai ពណ៌ស ស្លាកលេខ ភ្នំពេញ 3F-9827 របស់ក្រុមហ៊ុន រិទ្ធមុន្នី មកដល់នៅត្រង់ចំណុចកើតហេតុខាងលើ បណ្តាលឲ្យចំត្រូវបែកផ្ទាំងកញ្ចក់មុខផ្នែកខាងស្តាំមួយកន្លែងនឹងជាប់ពូថៅនោះនឹងកញ្ជក់រថយន្ត ពិតប្រាកដមែន ។
មូលហេតុដោយសារជនដៃដល់ផឹកស្រាស្រវឹង នឹកខឹងដល់ប្រពន្ធដែលបាននាំកូនចំនួន២នាក់ចាកចេញពីខ្លួន ទៅស្នាក់នៅធ្វើការខេត្តកំពត ដោយមិនប្រាប់ខ្លួន។
បច្ចុប្បន្ន ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាណន់ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់