ព័ត៌មានជាតិ

រថយន្តបុករះនិងកិនម៉ូតូ៣គ្រឿង បណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល ត្រូវដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញ: នៅវេលាម៉ោង០៣និង៤៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តធុនធំ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3D-9629 បើកបរបុករះម៉ូតូចំនួន០៣គ្រឿង បណ្តាលឲ្យមនុស្ស រងរបួសធ្ងន់ស្រាល៥នាក់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ទីតាំងកើតហេតុម្តុំស្ពានអាកាសចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំមួយគ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាម បណ្តោយផ្លូវ១ខ្សែ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះ បានបុករះនិងកិនម៉ូតូចំនួន០៣គ្រឿង ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យមនុស្សចំនួន០៣នាក់ រងរបួសធ្ងន់ស្រាល០៥នាក់ ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ចំណែកឯតៃកុងរថយន្តបង្កហេតុនោះវិញ បានចុះរត់គេចខ្លួនបាត់ស្រមោល ។

នៅក្រោយពេលកើតហេតុ វត្តមានមន្រ្តីប៉ូលិសផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋាននៃប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានចុះមកអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យមើលជាក់ស្តែង និងវាស់វែងទៅតាមនីតិវិធី ។

ចំពោះហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងច្បាស់ ថា សមត្ថកិច្ចមានចំណាត់ការយ៉ាងណានោះទេ ហើយទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់