ព័ត៌មានជាតិ

ម៉ូតូPassAppមួយគ្រឿង សង្ស័យជនជាតិចិនបើកបុក បណ្តាលឲ្យក្រឡាប់រងរបួសធ្ងន់ម្នាក់ ហើយបើករត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ: នៅវេលាម៉ោង៤ជិតភ្លឺឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍​ មួយបានកើតឡើង សង្ស័យជនជាតិចិនបើក រថយន្តបុកម៉ូតូ Pass App មួយគ្រឿង បណ្តាលឲ្យក្រឡាប់ផ្ងារជើង ម្ចាស់ត្រូវរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ហើយរថយន្តបង្កហេតុបានបើករត់ ទៅបុកបង្គោលភ្លើង ទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ១ខ្សែ សង្ស័យបើកបរដោយជនជាតិចិន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូPassApp មួយគ្រឿង បណ្តាលឲ្យម្ចាស់រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ។ ចំណែករថយន្តបង្កហេតុ បន្ទាប់ពីបុកPassApp បណ្តាលឲ្យក្រឡាប់ផ្ងារជើងហើយ តៃកុងបានបើកជ្រុល ទៅបុកផ្ទះប្រជាពលរដ្ឋ និងបើករយ៉ែថយក្រោយ បុកបង្គោលភ្លើង ហើយរថយន្តក៏បានបើកគេចខ្លួន ចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង ។ អ្នកឃើញហេតុការណ៍ផ្ទាល់ បាននិយាយប្រាប់ក្រុមការងារ Post News យើងខ្ញុំឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គឺបុរសជនជាតិចិនម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក អាល់ហ្វា ហើយបន្ទាប់ពីកើតហេតុ បានបើករត់គេចខ្លួនបាត់ស្រមោល ។

នៅក្រោយពេលកើតហេតុរួច វត្តមានកម្លាំងមន្រ្តីប៉ូលិសផ្នែកខាងចរាចណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ដើម្បីធ្វើការពិនិត្យមើលជាក់ស្តែង ដល់ទីតាំងកន្លែងកើតហេតុ ហើយបានយកPassApp ទៅរក្សាទុកជាបណ្តោះអាសន្ន ៕

មតិយោបល់