ព័ត៌មានជាតិ

រថយន្ត Ford មួយគ្រឿង បើកឡើងខឿនផ្លូវ ជ្រុលបុករះបង្គោលផ្លាកសញ្ញាចរាចរណ៍ និងបង្គោលភ្លើងស្តុប រងការខូចខាត

ភ្នំពេញ: រថយន្ត Ford មួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរេចង្កូតឡើងលើខឿនផ្លូវ ជ្រុលបុករះបង្គោលផ្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី និងបង្គោលភ្លើងស្តុប បណ្តាលឲ្យទ្រេត ឯរថយន្តរងការខូចខាតយ៉ាងដណំទៅមុខលែងរួច។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅជាប់របងសណ្ឋាគារឡឺ រ៉ូយ៉ាល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត Ford មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-7077 ធ្វើដំណើរតាម បណ្តោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរេចង្កូតឡើងខឿនផ្លូវជ្រុលទៅបុកបង្គោលផ្លាកបញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី និងបង្គោលភ្លើងស្តុបមួយដើមទៀត បណ្ដាលឲ្យទ្រេត ចំណែករថយន្តផ្ទប់ជាប់នឹងបង្គោលភ្លើងស្តុបរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។

ក្រោយកើតហេតុម្ចាស់រថយន្តបានប្រញាប់ប្រញាល់ដោះស្លាកលេខរថយន្ត យកទៅបាត់បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចចុះមកធ្វើការវាស់វែង យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់