ព័ត៌មានជាតិ

ប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូណេស៊ីទេ

 

(ម៉ានីល)៖ លោក Harry Roque អ្នកនាំពាក្យរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីហ្វីលីពីនរូបនេះ មិនអាចចាកចេញទៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ សប្តាហ៍នេះបានឡើយ។

សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់ប្រាប់មូលហេតុយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ឌូតឺតេ បានសម្រេចស្ថិតនៅក្នុងប្រទេស ដើម្បីគ្រប់គ្រងស្ថានការណ៍ ឆ្លើយតបនឹងការព្រួយបារម្ភនានា អំពីការកើនឡើងករណីឆ្លង COVID-19»។

ក្រៅពីប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក៏បានសម្រេចចិត្តមិនទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាការតាផងដែរ៕

មតិយោបល់