ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់ ស្រវឹងធ្លាក់ភ្នែកបើករថយន្ត បុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ

ភ្នំពេញ: ករណីជនជាតិចិនស្រវឹងធ្លាក់ភ្នែក បើកបររថយន្តកូរ៉ូឡាមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចខាងមុខមណ្ឌលសុខភាពទឹកថ្លា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-7124 ធ្វើដំណើរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចនិងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុរថយន្តនោះ ក៏បានជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ ចំណែកឯបង្កាន់ដៃស្ពានអាកាសមិនមានរងការខូចខាតអ្វីនោះទេ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ក៏បានចុះធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់