ភ្នំពេញៈ កាលពីវេលាម៉ោង០២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក VOLVO បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានបួងចង្កូតឡើងខឿន ជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឲ្យបាក់១ដើម ចំណែករថយន្តខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម ត្រង់ចំណុចរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក VOLVO ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BN-9920 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម មានទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បានបត់ជ្រុលឡើងខឿនបុកបង្គោលភ្លើង បណ្ដាលឲ្យបាក់ដល់ដី ។ ចំណែករថយន្តបង្កនោះវិញ បានបែកពោងសុវត្ថិភាពទើបទៅមុខលែងរួច ។ ភ្លាមនោះម្ចាស់រថយន្តបានគេចចេញ ពីកន្លែងកើតហេតុបាត់ស្រមោល ។ ក្នុងហេតុការណ៍នេះដែរ ពុំមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកយករថយន្តបង្កហេតុខាងលើនោះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយនាពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់