ព័ត៌មានជាតិ

រថយន្ត Tundra មួយគ្រឿង បើកបរចុះពីលើស្ពានជ្រុលបុកគូទឡានកុងតឺន័រ បណ្តាលឲ្យគាបជាប់រងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Tundra មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BQ-9008 បើកបរចុះពីលើស្ពាន ជ្រុលទៅបុកពីក្រោយរថយន្ត កុងតឺន័រកំពុងចត បណ្តាលឲ្យគាបជាប់រងការខូចខាត ទីតាំងត្រង់ម្តុំស្ពានព្រែកសំរោងត្រើយខាងកើត សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Tundra ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-9008 បើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរឆ្លងកាត់ស្ពានព្រែកសំរោង ។ លុះពេលចុះមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រធុនធំមួយគ្រឿង កំពុងតែចតស្ងៀម ពេញទំហឹងបណ្តាលឲ្យគាបជាប់រងការខូចខាតខ្ទេចផ្នែក ខាងមុខធ្ងន់ធ្ងរ ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ដើដម្បីពិនិត្យ មើលជាក់ស្តែងនៃផលប៉ះពាល់ទាំងឡាយ ។ ដោយមិនឃើញមានប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ ឬក៏ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនោះ ន​សមត្ថកិច្ចបានឲ្យភាគីទាំងពីរធ្វើការចរចាគ្នា បើការចរចានោះមិនត្រូវរ៉ូវគ្នានោះទេ សមត្ថកិច្ចនឹងធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងខាងលើនោះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ។ ប៉ុន្តែករណីខាងលើនោះ ភាគីទាំងពីរបានធ្វើការចរចាគ្នាត្រូវ ហើយសមត្ថកិច្ចក៏បានឲ្យម្ចាស់​យក​រថយន្តទៅជួសជុលដោយខ្លួនឯងរៀងៗខ្លួន​ ៕​

មតិយោបល់