ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរំលោភលើទំនុកចិត្ត ខ្ចីម៉ូតូជនរងគ្រោះមិនសង

បាត់ដំបង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១១និង២៨នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកកម្រៀង បានទទួលពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ផាត លីហុង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិសំរោងក្រោម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរជាងធ្វើផ្លាកយីហោ ថាមានករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូមិនសង) មួយកើតឡើងប្រព្រឹត្តដោយសង្ស័យចំនួន០២នាក់ នៅចំណុចការ៉ាស់ជួសជុលរថយន្តភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៦និង០៥នាទី ។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកម្រៀង បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល សហការជាកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១.ឈ្មោះ ម៉ៅ សុវណ្ណារ៉ា ហៅ ចិន ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅស្រុកបាណន់ ខេត្តបាត់ដំបង មុខរបរ ជាងជួសជុលរថយន្ត
២.ឈ្មោះ គឹម មិថុនា ហៅ មិ ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិដូងឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង មុខរបរ មិនពិតប្រាកដ។

សមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ខ្ចីម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AR-7638 របស់ជនរងគ្រោះឈ្មោះ ផាត លីហុង ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង័្សយទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកកម្រៀង កសាងសំណុំរឿងប្រគល់ទៅឲ្យផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់