ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យខូចខាតសម្ភារៈប្រើប្រាស់ ក្នុងផ្ទះមួយចំនួនធំ គិតជាទឹកប្រាក់ជិតប្រហែល ២០លានរៀល

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទី ត្រង់ចំណុចក្រុមទី០៩ ភូមិព្រៃទទឹង២ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នង ដែលមានទំហំ ៥ម៉ែត្រ × ២០ម៉ែត្រ ធ្វើអំពីថ្មប្រក់ក្បឿង ម្ចាស់ផ្ទះមានឈ្មោះ ឆុន រតនា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

តាមការរាយការណ៍ពីសមត្ថកិច្ចនគរបាល បានអោយដឹងថា គ្រោះអគ្គិភ័យនេះ បណ្តាលអោយខូចខាតសម្ភារៈប្រើប្រាស់ ក្នុងផ្ទះមួយចំនួនធំ បើគិតជាទឹកប្រាក់ប្រហែល ២០លានរៀល តែមិនបង្កអោយមានការរងរបួស ដល់មនុស្សសត្វឡើយ ។ ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះ នេះបើតាមការបញ្ជាក់ពីម្ចាស់ផ្ទះ និងសមត្ថកិច្ចចុះត្រួតពិនិត្យ ។

ក្នុងករណីអគ្គិភ័យឆាបឆេះនេះ ដោយពីស្ថានីយទៅកន្លែងកើតហេតុ មានចំងាយប្រហែល០៤គីឡូម៉ែត្រ កម្លាំងអធិការនគរបាលស្រុកបវេល បានប្រើប្រាស់កម្លាំងចុះប្រតិបត្តិការចំនួន១៥នាក់ ប្រើប្រាស់រថយន្តពន្លត់របស់អធិការចំនួន ០១គ្រឿង ទឹកអស់ចំនួន ០១ឡាន ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបានទាំងស្រុង ៕

មតិយោបល់