ព័ត៌មានជាតិ

ករណីម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ជាមន្ត្រីឥណទានស្លាប់ និងស្រ្តី០២នាក់ទៀតរងរបួសធ្ងន់

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសជាមន្ត្រីឥណទានម្នាក់ បានស្លាប់ និងស្រ្តី០២នាក់ទៀតរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូបើកបរច្រាសទិសគ្នា កើតឡើងនៅលើផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រង់ចំណុចម្តុំផ្លូវកោង ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៨ និង ២៥ នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-9472 បើកបរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុបានបុកនឹងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-7597 បើកបរពីជើងទៅត្បូង បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ និងស្រ្តីពីរនាក់ទៀតរងរបួសធ្ងន់ ។ ក្រោយឃើញហេតុដូចនេះប្រភព បានរាយការណ៍ជូនសមត្ថកិច្ច ជួយអន្តរាគមន៍ សម្រួលចរាចរណ៍ និងសង្គ្រោះជនរងគ្រោះ ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ ម៉ែន សុឃី អធិការរង នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានប្រាប់ឲ្យដឹងថា តាមការពិនិត្យកន្លែងកើតហេតុ និងយោងតាមការរៀបរាប់របស់ប្រភព សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះឡើង គឺបណ្តាលមកពីកត្តា អ្នកបើកបរម៉ូតូ សេរីឆ្នាំ២០១៥ មិនប្រកាន់ស្តាំ និងប្រហែលចេញពីស៊ីការ អ្នកបើកម៉ូតូទាំងពីនាក់ នឹងអ្នករួមដំណើរមិនពាក់មួកសុវត្ថិភាព ករណីនេះបណ្តាលឲ្យស្លាប់ មនុស្ស០១នាក់ ឈ្មោះ វ៉ាន វណ្ណះ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាមន្រ្តីឥណទាន មានទីលំនៅក្នុងភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបរម៉ូតូហុងដាឌ្រីម សេរីឆ្នាំ២០១៥ និងរងរបួសមនុស្សពីរនាក់ ទី១ឈ្មោះ វង់ គន្ធា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរកសិករ ជាអ្នកបើកបរម៉ូតូហុងដាឌ្រីម សេរីឆ្នាំ២០១៩ រងរបួសធ្ងន់ និងទី២ឈ្មោះ វង់ នួន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកសិករ ជាអ្នករួមដំណើរ រងរបួសធ្ងន់ អ្នកទាំងពីររស់នៅភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្ន ជនរងគ្រោះទាំងពីរត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំពោះសាកសពបុរសមន្ត្រីឥណទាន សមត្ថិកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូទាំងពីរគ្រឿងសមត្ថិកិច្ច បានយកមករក្សារទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋានគរបាលស្រុកតាលោសែនជ័យ ៕

មតិយោបល់