ព័ត៌មានជាតិ

បុរសម្នាក់ងងុយដេកបើករថយន្តបុកម៉ូតូ បណ្ដាលឲ្យគ្រូបង្រៀនម្នាក់ស្លាប់

តាកែវ: នៅថ្ងៃ អង្គារ ៥រោច ខែ មិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ស្ថិតនៅលើផ្លូវជាតិលេខ២២ ចន្លោះគីឡូម៉ែត្រលេខ៧-៨ ក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

រថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌សស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 2AV-6416 បើកបរដោយឈ្មោះ ហ៊ីង សំណូល ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិប្រាំ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ (គ្មានរបួស) ដែលបើកបរមកពីទិសខាងលិចទៅកើត លុះមកដល់ចំណុចខាងលើ ក៏បានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C-125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1Q-5056 បើកបរដោយឈ្មោះ តៅ ចាន់ ណារិទ្ធ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិត្រពាំងកក់ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ពាក់មួកសុវត្ថិភាពដែលបើកបរមកពីទិសខាងកើត។

មូលហេតុ៖ ងងុយដេក។

ជនរងគ្រោះត្រូវបានសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងម៉ូតូ និងរយថន្តខូចខាតធ្ងន់ហើយត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់