ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត បុករថយន្តស៊េរីទំនើបចតស្ងៀម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង ២និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បុរសម្នាក់រួមដំណើរជាមួយនិងបុរសម្នាក់ទៀត បានបើករថយន្តម៉ាក LexusRX330 មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកពីក្រោយរថយន្តស៊េរីទំនើបចតស្ងៀម នៅចិញ្ចើមផ្លូចខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់ រួមដំណើរជាមួយនិងមនុស្សប្រុសស្រី ៣នាក់ទៀត បានបើករថយន្តស៊េរីទំនើបពណ៌សមួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា CHR.1881 បើកបរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីត្បូងមកជើង ខណ:មកដល់ចំណុចកើតហេតុ បានអែបរថយន្តចតទុកនៅចិញ្ចើមផ្លូវ រួចនាំគ្នាមកដើរកម្សាន្តនៅមាត់ទន្លេ មួយសន្ទុះក្រោយមកស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាក lexusRX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-1701 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនិងបុរសម្នាក់ទៀត។ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ស្របគ្នាទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ ពុំដឹងថាមានបញ្ហាអ្វីនោះទេ? ក៏បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកពីក្រោយរថយន្តស៊េរីទំនើប ដែលចតស្ងៀមនៅចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមៗនោះដែរ ម្ចាស់រថយន្តបង្កបានគេចខ្លួន ពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្ត។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ បន្តឲ្យចុះមកពិនិត្យនិងធ្វើកំណត់ហេតុយករថយន្តទាំង ២គ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំភាគីទាំងសងខាងចូលខ្លួន មកដោះស្រាយនៅពេលក្រោយ ៕







មតិយោបល់