បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសម្នាក់ទៅឆក់ត្រីបាត់០១យប់ លុះវេលាម៉ោង៨ព្រឹក ថ្ងៃសៅរ៍ ៩ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ មានពលរដ្ឋទៅបាចជីស្រូវ បានប្រទះឃើញសពអណ្តែតទឹកប្រឡាយ ចំណុចសំណង់តាឆូត ចម្ងាយ៥០០ម៉ែត្រពីព្រែក ស្ថិតក្នុងភូមិរង្វាន ឃុំ ចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ប៊ុន រឿង (តឿង) ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិចំណោមកើត ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុបុរសរូបនេះ បានយកម៉ាស៊ីនសំរាប់ឆក់ត្រីទៅឆក់ត្រី នៅចំណុចប្រឡាយសំណង់តាឆូតភូមិរង្វានលិច ឃុំចំណោម ស្រុកមង្គលបូរី មិនប្រយ័ត្នបានឆក់ខ្លួនឯងស្លាប់ដោយគ្មានអ្នកដឹង ។ លុះនៅវេលាម៉ោង០៨ព្រឹកថ្ងៃទី១៧ ខែធ្នូ មានឈ្មោះ អ៊ុន ឈី ភេទប្រុស អាយុ៤២ ឆ្នាំ រស់នៅភូមិរង្វានកើត ឃុំចំណោម បានយកជីទៅបាចស្រូវក៏បានឃើញសពជនរងគ្រោះ អណ្តែតក្នុងប្រឡាយទឹក ដោយមានជាប់ម៉ាស៊ីនឆក់នៅជាប់នឹងខ្លួន បន្ទាប់មកក៏រាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលចំណោម ។
នគរបាលបានបញ្ជាក់ថា ឆ្លងតាមការពិនិត្យ នៅលើដងខ្លួនត្រង់ចង្កេះមានស្នាមរលាកស្បែកចំនួន០៥កន្លែង មានជាំខ្មៅនិងក្រោមផ្ចិត ផ្នែកពោះមានស្នាមរលាត់ស្បែកជាច្រើនកន្លែង (ដោយម៉ាស៊ីនឆក់ត្រីឆក់) ។ លោកគ្រូពេទ្យនិងក្រុមគ្រួសារសពបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារការឆក់ត្រី ហើយត្រូវម៉ាស៊ីនឆក់ត្រី ឆក់ខ្លួនឯងស្លាប់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធក្នុងករណីឃាតកម្មនោះឡើយ ៕








មតិយោបល់