ព័ត៌មានជាតិ

នគរបាលបង្រ្កាបករណីគ្រឿង​ញៀ​ន ឃាត់ខ្លួ​នមុខសញ្ញា ៣នាក់ អនុវត្តតាមច្បាប់

បាត់ដំបង: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអាទិត្យ ១០រោច ខែមិគសិរ ឆ្នាំខាលចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៨នឹង៣០នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡូត បានចុះប្រតិបត្តិការបង្រ្កាប ករណីរក្សាទុកចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់
១.ឈ្មោះ ញឹម សេងហុង ហៅឌុល ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង (អ្នករក្សាទុកគ្រឿងញៀន)
២.ឈ្មោះ សួន ធា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង (អ្នករក្សាទុកគ្រឿងញៀន) ។

ជាលទ្ធផលវត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់ ទម្ងន់០.៦៨
-ដែកកេសចំនួន ០១
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ម៉ូតូម៉ាកហុងដាឌ្រីមចំនួន ០២គ្រឿង ពាក់ស្លាកលេខ​ ប៉ៃលិន 1A-2672 និងពាក់ស្លាកលេខបាត់ដំបង 1AG-7886។
ឆ្លងតាមចម្លើយរបស់ជនសង្ស័យទាំងពីរនាក់ខាងលើ និងមានការសម្របសម្រួលនិតីវិធីពីឯកឧ​ត្តម កែវ​ សុជាតិ​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៨នឹង០០នាទី នៅចំណុចភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានបន្តប្រតិបត្តិការនាំខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ ឯក សំ ភេទស្រី អាយុ៤៨ ឆ្នាំ មានទីលំនៅផ្ទះលេខ១២៨ ក្រុមទី០៥ ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង​។

បច្ចុប្បន្ន ជនសង័្សយទាំងបីនាក់រួម និងវត្ថុតាង កម្លាំងនគរបាលស្រុកសំឡូតកំពុងរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី​ច្បាប់៕


មតិយោបល់