ព័ត៌មានជាតិ

Lexus RX330 បើកឆ្លងផ្លូវ ត្រូវរថយន្តសណ្តោងដឹកទំនិញ បើកផ្លូវត្រង់បុកបណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្ត Lexus RX330 មួយគ្រឿង បើកឆ្លងផ្លូវបណ្ដាលឲ្យរថយន្តសណ្ដោង ដឹកទំនិញធុនធំជ្រុលទៅបុកចំ ជំហៀងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខក្លោងទ្វារវត្ត ព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តសណ្ដោងដឹកទំនិញធុនធំ មួយគ្រឿង ពាក់ស្លាកលេខ កំពង់ធំ 3A-2309 ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកចំ ជំហៀងនៃរថយន្ត Lexus rx 330 ដែលពាក់ស្លាកលេខ ភ្នំពេញ 2AX-1489 កំពុងធ្វើដំណើរឆ្លងផ្លូវពីកើតទៅលិច បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងធ្វើការបាញ់ថ្នាំ យករថយន្តទាំងពីរគ្រឿង ដាក់អែបខាងនិងឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នាមួយជំហានសិន ៕

មតិយោបល់