ព័ត៌មានជាតិ

Update៖ ឆេះទីតាំងលក់គ្រឿងឧបករណ៍ភ្លេង គ្រប់ប្រភេទទាំងព្រលឹមខូចខាតអស់៥០%

ភ្នំពេញ: ទីតាំងផ្ទះលក់ឧបករណ៍បំពងសំឡេងនិង គ្រឿងភ្លេងគ្រប់ប្រភេទ ត្រូវបានអគ្គីភ័យលេបត្របាក់ ក្នុងរយ:ពេល២ម៉ោង បណ្តាលឲ្យខូចខាត សម្ភារ:លក់ដូរទាំងនោះអស់ ៥០ភាគរយ តែសំណាងល្អគ្រួសារម្ចាស់ផ្ទះ ដែលឆេះនោះបានប្រញ៉ាប់ បើកទ្វារចេញពី ក្នុងផ្ទះទាន់ពេលទើបពុំ មានអ្នកណារងគ្រោះថ្នាក់ឡើយ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ហេតុកាណ៍ភ្លាក់ផ្អើល អគ្គីភ័យឆាបឆេះនោះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៤Eo ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ដែលមានម្ចាស់ផ្ទះឈ្មោះធា មាង ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរលក់ដូរឧបករណ៍បំពងសម្លេងនិង គ្រឿងភ្លេងគ្រប់ប្រភេទ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅជិតខាងកន្លែងកើតហេតុនោះបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ គេធំខ្លឹនផ្សែង និងឃើញហុយចេញពី ក្នុងផ្ទះលក់គ្រឿងឧបករណ៍ភ្លេង នោះដោយម្ចាស់ផ្ទះនោះនៅពុំទាន់ក្រោកពី ដេកពុំបានដឹងនោះទេ។ ដោយឃើញដូច្នេះ អ្នកជិតខាងខ្លះក៏បាន រត់ទៅគោះទ្វារ ហៅម្ចាស់ផ្ទះនោះរហូតភ្ញាក់ដឹងខ្លួន ព្រមទាំងបើកទ្វារផ្ទះនាំគ្នា រត់ចេញមកក្រៅទាំងអស់គ្នា ព្រមទាំងមានផ្សែងហុយសន្ធប់ចេញពី ខាងក្នុងផ្ទះ ដោយអ្នកខ្លះជួយពន្លត់ភ្លើងដែរ តែមិនអាចគ្រប់គ្រងបានឡើយ។

ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងហេតុការណ៍អគ្គីភ័យនោះដែរ គេឃើញកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាពិសេស លោកគួច ចម្រើន អភិបាលខណ្ឌដូនពេញ បានចុះមកដល់កន្លែងកើតហេតុនោះ ភ្លាមៗ ដើម្បីបញ្ជា កម្លាំងនាំគ្នា ជួយអត្តរាគមន៍ដូចជាវែកចរាចរណ៍ កុំឲ្យរាំងស្ទះ ដល់ការ មកជួយបាញ់ទឹកពន្លត់ភ្លើង របស់ក្រុមជំនាញ អគ្គីភ័យរាជធានី ដែលមកជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើងនោះ។

ក្នុងប្រតិបត្តិការណ៍ ជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើង នៅផ្ទះលក់គ្រឿងភ្លេងគ្រប់ប្រភេទ នោះដែរ លោកគួច ចម្រើន អភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា បើតាមអ្នកជំនាញបានបញ្ជាក់ថា ការឆេះនៅទីតាំងនេះ ដែរគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ដោយឆេះតាំងពី វេលាកើតហេតុរហូតដល់ វេលាម៉ោង៦និង៣០នាទី ថ្ងៃដដែលដោយប្រើប្រាស់ និងបាញ់ទឹក អស់ចំនួន៥ឡាន ទើបរលត់ ជាស្ថាពរវិញ មិនបណ្តាលឲ្យ មានអ្នកណា រងគ្រោះថ្នាក់នោះទេ ដោយគ្រាន់តែម្ចាស់ហាងលក់ដូរ ឈ្មោះធា មាង នោះបានឈ្លក់ផ្សែង ក៏ត្រូវបានកូនចៅបញ្ជូនទៅពេទ្យផងដែរ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា សម្ភារ:នៅក្នុងផ្ទះកើតហេតុ ដែលឆេះខូចខាតនោះ ដោយឆ្លងតាមការអ:អាង របស់ម្ចាស់ផ្ទះ កើតហេតុគឺឆេះអស់ ប្រហែល៥០% ដែលមានដូចជាឧបករណ៍បំពងសម្លេង និងគ្រឿងភ្លេង រួមទាំងក្រដាស់ តែបើគិតជាទឹកប្រាក់ នៃការឆេះខូចខាតនោះ ម្ចាស់ផ្ទះ មិនទាន់បាន កំណត់ថាអស់ប៉ុន្មានឡើយ នោះចាត់ទុកថាសំណាង ហើយដែលពន្លត់ទាន់ពេលនោះ ហើយក៏គ្មានអ្នកណារងគ្រោះថ្នាក់ ដល់អាយុជីវិតឡើយ៕

//www.youtube.com/watch?v=o53M-f-VyqM

ភ្លើងឆេះផ្ទះ (10) ភ្លើងឆេះផ្ទះ (9) ភ្លើងឆេះផ្ទះ (8) ភ្លើងឆេះផ្ទះ (5) ភ្លើងឆេះផ្ទះ (4) ភ្លើងឆេះផ្ទះ (6) ភ្លើងឆេះផ្ទះ (7) ភ្លើងឆេះផ្ទះ (3) ភ្លើងឆេះផ្ទះ (2) ភ្លើងឆេះផ្ទះ (1)

មតិយោបល់