ព័ត៌មានជាតិ

រថយន្តធុនធំមួយគ្រឿងដឹកចំណីសត្វ បើកបរសុខៗរេចង្កូតក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តធុនធំដឹកចំណីសត្វ មួយគ្រឿង បើកបរសុខៗស្រាប់តែរេចង្កូតក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ យោងតាមសេចក្តីរាយការណ៍ផ្ទាល់ពីភ្នាក់ងារនៃអង្គភាពសារព័ត៌មាន Post News បានចុះទៅដល់ទីតាំងកន្លែងកើត ហេតុនោះ ហើយបានឲ្យដឹងដូច្នេះថា នៅមុនពេលកើតហេតុ គេឃើញរថយន្តធុនធំ ដឹកចំណីសត្វ មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះ បានរេចង្កូតបណ្តាលឲ្យក្រឡាប់ផ្ងារជើងជះចំណីសត្វពាសពេញផ្លូវ ចំណែកឯរថយន្តបង្កនោះវិញ ក៏បានរងការខូចខាតយ៉ាងដំណំផងដែរ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បណ្តាលឲ្យមានមនុស្សរងរបួសបន្តិចបន្តួចតែប៉ុណ្ណោះ ហើយក៏បានទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលអស់ហើយដែរ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យមើលនៃផលប៉ះពាល់ទាំងឡាយ ទាំងទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋនិងឯកជន ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ សមត្ថកិច្ចបានយករថយន្តបង្កហេតុ ទៅរក្សាទុកជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលជើងគោកនៃរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕



មតិយោបល់