ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្តោលបានទទួលព័ត៌មានពីឈ្មោះ យ៉យ ធឿន ភេទប្រុស អាយុ៥៣ឆ្នាំ ថាមានករណីបុរសម្នាក់បានលង់ទឹកស្រះស្លាប់ កើតហេតុនៅចំណុចស្រះក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិអូរ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
នគរបាលស្រុកបាកានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ លឹម យ៉ា ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិអូរ ឃុំបឹងបត់កណ្តាល ស្រុកបាកាន និងប្រពន្ធ ឈ្មោះ ប្រាក់ ផល អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។
យោងតាមការបំភ្លឺរបស់ប្រពន្ធសពបញ្ជាក់ថា ប្តីរបស់ខ្លួនជាមនុស្សចូលចិត្តផឹកស្រា ហើយយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ប្តីខ្លួនបានទិញស្រាស១ដបផឹកម្នាក់ឯងនៅផ្ទះរួចចូលដេក លុះដល់ម៉ោង១យប់ ខ្លួនភ្ញាក់ពីដេកមិនឃើញប្តីដេកនៅហ្នឹងផ្ទះ ក៏ដើររកទាំងយប់តែរកមិនឃើញ ។
ចំពោះករណីនេះប៉ុស្តិ៍បានសហការជាមួយកម្លាំងនគរបាលជំនាញស្រុក ខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ជា អារុណ អធិការរងនគរបាលស្រុកបាកាន លោកវរសេនីយ៍ទោ ជេដ្ឋ ប៊ុនថា នាយរងការិយាល័យ និងគ្រូពេទ្យជំនាញមន្ទីរសុខាភិបាលខេត្ត ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យសាកសព ។ តាមការពិនិត្យសាកសពនិងការបំភ្លឺរបស់ក្រុមគ្រួសារសព សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកស្រះពិតប្រាកដមែន ។ មូលហេតុ៖ ជនរងគ្រោះស្រវឹងស្រា ដើរធ្លាក់ទឹកស្រះលង់ស្លាប់ ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕
មតិយោបល់