ព័ត៌មានជាតិ

នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនជនសង្ស័យប្រុសស្រី ២៩នាក់ ពាក់ព័ន្ធផ្តល់ទីតាំង និងប្រើប្រាស់សារធាតុញៀនទៅសាលាដំបូង

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៩ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មនុស្សប្រុស ស្រី ចំនួន ២៩នាក់ ត្រូវបានចាប់ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូង ពាក់ព័ន្ធក្នុងករណីផ្តល់ទីតាំងនិងប្រើប្រាស់គ្រឿងញៀន ក្រោយពីបង្រ្កាបកាលពីវេលាម៉ោង ០៤និង៣០នាទីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ នៅហាងលក់គុយទាវនិងមានហ្គេមបាញ់ត្រីទល់មុខផ្សារអគាថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនិតិវិធីដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ លោកបានដឹកនាំកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន ចូលរួមសហការដោយ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះបង្រ្កាបទីតាំងផ្តល់និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង នៅហាងលក់គុយទាវនិងមានហ្គេមបាញ់ត្រីទល់មុខផ្សារអគាថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្នុងកិច្ចប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ២៩នាក់ ក្នុងនោះ ស្រី០២នាក់ រួមទាំងដកហូតវត្ថុតាងម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ៧.៣៤ក្រាម,សំបកថង់ប្លាស្ទិក,ឧបករណ៍ជក់មួយចំនួន និងទូរស័ព្ទដៃចំនួន ១៣គ្រឿង ។

លោកស្នងការរង បានបញ្ជាក់ថា៖ ផ្អែកតាមការស៊ើបអង្កេតស្រាវជ្រាវ និងចម្លើយសារភាពរបស់ឈ្មោះ តាវ បញ្ញារង្គ ភេទប្រុសអាយុ ៤៤ឆ្នាំ ជាម្ចាស់ហាងគុយទាវនោះ គឺជាអ្នកផ្តល់ទីតាំង ឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ៕

មតិយោបល់