បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី៣៤ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីមនុស្សធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន) កើតឡើងមួយលើក សាកសពជនរងគ្រោះឈ្មោះ ហោ គឹមតុល ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរកម្មករសំណង់។ តាមការបំភ្លឺរបស់ឈ្មោះ ហាប់ ឈុនលេង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរ និស្សិត បានប្រាប់សមត្ថកិច្ចអោយដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១២ថ្ងៃត្រង់ ពេលដែលខ្លួនត្រឡប់ពីកន្លែងលក់មកផ្ទះស្រាប់តែឃើញពូថ្លៃខ្លួនសាកសពជនរងគ្រោះឈ្មោះ ហោ គឹមតុល ចងកសម្លាប់ខ្លួន និងសារ៉ុងពណ៌ត្រួយចេកទៅនឹងរនូតផ្ទះស្លាប់បាត់ទៅហើយ ខ្លួនក៏ស្រែកហៅបងប្អូនឲ្យមកជួយ និងបានរាយការណ៍ជូនសមត្ថកិច្ច។ សាច់ញាតិបានបញ្ជាក់អោយដឹងថា ជនរងគ្រោះតែងតែផឹកស្រាស្រវឹងជាប្រចាំថ្ងៃ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកសង្កែ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ហោ គឹមតុល ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់