ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា អគ្គស្នងការនគរបាលជាតិ បានត្រៀមកម្លាំងចំនួន១៩៣១១នាក់ សម្រាប់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ឃុំ-សង្កាត់ ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍បែបនេះនៅក្នុងពិធីប្រជុំផ្សព្វផ្សាយអន្តរស្ថាប័ន ស្តីពីកិច្ចការពារការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការចុះឈ្មោះបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩ នៅក្រសួងមហាផ្ទៃព្រឹកថ្ងៃទី២៥ សីហា ២០១៦ ស្ថិតក្រោមអធិបតីភាពសម្តេច ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍ទៀតថា ក្នុងអំឡុងនៃការស្រង់ឈ្មោះរៀបចំបញ្ជីឈ្មោះបោះឆ្នោតនេះ អគ្គស្នងការនគរបាលជាតិ បានត្រៀមកម្លាំងចំនួន៥២៣៦នាក់នៅទូទាំង២៥រាជធានីខេត្ត ហើយនៅក្នុងបរិវេណការិយាល័យចុះឈ្នោះបោះឆ្នោតនីមួយៗត្រូវដាក់កម្លាំងចំនួន២នាក់ ដើម្បីរក្សាការពារ សន្តិសុខនិងសុវត្តិភាពជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្តកិច្ចពាក់ព័ន្ធត្រៀមពង្រឹងសន្តិសុខអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងធានាឲ្យបាននូវការបោះឆ្នោតប្រព្រឹត្តទៅដោយភាពរលូន ។ សម្តេចបន្តថា កងកម្លាំងនឹងត្រូវផ្តល់សេវាសន្តិសុខជូនប្រជាពលរដ្ឋគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ដែលចូលរួមសង្កេតការណ៍បោះឆ្នោត ដើម្បីធានាឲ្យបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ អព្យាក្រិតដោយសេរី ត្រឹមត្រូវ និងយុតិធម៌ ស្របតាមគោលការណ៍លទ្ឋិប្រជាធិប្បតេយ្យ គ្មានការគំរាមកំហែង ការបំភិតបំភ័យ និងអំពើហិង្សាផ្សេងៗ។
សម្តេចក្រឡាហោមបានបញ្ជាក់ថា អាជ្ញាធរ និងសមត្ថកិច្ច ត្រូវតែចាត់វិធានការទប់ស្កាត់ ប្រយុទ្ឋប្រឆាំងរាល់ឧបាយកល ការប៉ុនប៉ងបំផ្លិចបំផ្លាញ ដែលធ្វើឲ្យរាំងស្ទះដល់ដំណើការរៀបចំការបោះឆ្នោតគ្រប់រូបភាព។
លោក ស៊ិក ប៊ុនហុក ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងថា គ ជ ប មានភាពកក់ក្ដៅ និងមានទំនុកចិត្តខ្ពស់ចំពោះក្រសួងមហាផ្ទៃ ក៏ដូចជាកងកម្លាំងមានសមត្តកិច្ចទាំងអស់ ក្នុងការការពាសន្តិសុខ អំឡុងពេលដំណើការចុះឈ្មោះឆ្នោត ចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ តាមផែនការគ្រោងទុក ជូនដល់សាធារណ:ជន ហើយការដាក់បទបញ្ជាឲ្យពង្រឹងសន្តិសុខ របស់ក្រសួងមហាផ្ទៃនេះដើម្បីធានាការបោះឆ្នោតប្រព្រឹតទៅដោយស្មើភាព និងគ្មានការគំរាមកំហែង។
សូមបញ្ជាក់ថា នៅដើមខែកញ្ញាខាងមុខនេះ ការរៀបចំបញ្ជីឈ្មោះបោះឆ្នោត ថ្មីនឹងត្រូវចាប់ផ្តើម មានរយ:ពេលបីខែ ហើយដំណើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងធ្វើឡើងនៅដើម ឆ្នាំ២០១៧ ចំណែក ការបោះឆ្នោតជាសាកលវិញនឹងប្រព្រឹតទៅនៅឆ្នាំ២០១៨ខាងមុខនេះ៕
មតិយោបល់