ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល២នាក់

កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃចន្ទ ១១ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៨និង១៥នាទី នៅចំណុចភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូបណ្តាលអោយមនុស្សស្លាប់១នាក់ និងរងរបួស់ធ្ងន់ស្រាល២នាក់ ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1V-1401 បើកបរដោយឈ្មោះ កាន វាសនា ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិតាដែងចាស់ ឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឌុបមនុស្ស១នាក់ ឈ្មោះ សយ វលក្ខ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្នារ ឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុបានឡើងវ៉ារថយន្ត ១គ្រឿង រួចក៏ជ្រុលទៅបុកជាមួយម៉ូតូ១គ្រឿងទៀតម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ តាកែវ 1T-5444 បើកបរដោយឈ្មោះ សុខ រតនៈ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលកំពង់បើកបរបញ្ច្រាសទិសគ្នា បណ្ដាលអោយឈ្មោះ សុខ រតនៈ ស្លាប់នៅនិងកន្លែងកើតហេតុ
និងមនុស្ស២នាក់ទៀត រងរបួសធ្ងន់ស្រាល ។

ចំពោះសាកសពជនរងគ្រោះ ផ្នែកជំនាញបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះបងប្អូនបានបញ្ជូនទៅមន្ទីរពេទ្យ ៕

មតិយោបល់