មណ្ឌលគិរីៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នាវេលាម៉ោង ១៨និង៤៥នាទី នៅត្រង់ចំណុចអង្កែរពៅស្ថិតនៅលើដងផ្លូវលំ នៅភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូរម៉កដឹកទឹក ក្នុងទិសដៅបញ្ច្រាសទិសគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូរ៉ឺម៉កដឹកទឹកមានឈ្មោះ សុខ ទូច ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាគ្រូបង្រៀន មានទីលំបច្ចុប្បន្នរស់នៅក្នុងភូមិឃុំកើតហេតុ ខាងលើបានបើកបរម៉ូតូម៉ាកវ៉េវកែច្នៃ១គ្រឿង អូសរ៉ឺម៉កដឹកទឹក ក្នុងទិសដៅពីត្បូងទៅជើង ដោយគ្មានពាក់មួកសុវត្ថិភាព រីឯម៉ូតូគ្មានកញ្ចក់និងគ្មានភ្លើងបំភ្លឺផ្លូវ បានបុកជាមួយនឹងម៉ូតូមួយគ្រឿងមកពីទិសដៅផ្ទុយគ្នា(ពុំមានរបួស) បើកបរដោយឈ្មោះ ម្ល ហូច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិព្នង មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ បានបើកបរម៉ូតូមួយគ្រឿងម៉ាក Wave ពណ៌ស គ្មានមួកគ្មានកញ្ចក់ ក្នុងទិសដៅពីជើងទៅត្បូងបណ្ដាលឲ្យរងរបួសដាច់ករជើងខាងឆ្វេង។
បច្ចុប្បន្ន ជនរងគ្រោះឈ្មោះ ម្ល ហូច ត្រូវបានរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកស្រុកកោះញែក បានបញ្ជូនយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។ រីឯមធ្យោបាយរបស់ភាគីទាំងពីរត្រូវបានកម្លាំងជំនាញធ្វើការដកហូតបណ្ដោះអាសន្នយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សុខសាន្តដើម្បី ធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕

មតិយោបល់