ព័ត៌មានជាតិ

ជម្លោះពាក្យសម្តីទាញចបកាប់ទៅលើបុរសម្នាក់បណ្តាលអោយរបួសធ្ងន់ត្រូវនគរបាលស្រុកសំឡូតបង្ក្រាបឃាត់ខ្លួន

ខេត្តបាត់ដំបង យោមតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ឲ្យបានដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់ចបកាប់) នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២១នឹង៣០នាទី ត្រង់ចំណុចចម្ការ ឯកឧត្តម ប៉ុល សារឿន ស្ថិតនៅក្រុមទី៣ ភូមិអំពិប ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ុច សុខជាតិ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិអំពិប ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង បានប្រើប្រាស់ចបកាប់វាយទៅលើជនរងគ្រោះម្នាក់ឈ្មោះ ឈុត សុភ័ណ ភេទប្រុស អាយុ ៤៣ឆ្នាំ ស្នាក់នៅជាមួយគ្នា ត្រូវចំក្បាលរងរបួសធ្ងន់។ នគរបាលបានបញ្ជាក់ឲ្យដឹងថា ករណីហិង្សាខាងលើនេះគឺបណ្តាលមកពី ផឹកស្រាជាមួយគ្នាស្រវឹងក៏ទាស់សម្តីប្រកែកគ្នារហូតដល់ប្រើប្រាស់ចបកាប់ទៅលើក្បាលជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
ករណីនេះ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនិតីវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ។ ចំណែកជនរងគ្រោះរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសំឡូត និងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់