ព័ត៌មានបច្ចេកវិទ្យា

តើ Tim Cook បានសាងស្នាដៃល្អៗអ្វីខ្លះ ក្នុងនាមជា CEO របស់ Apple នារយៈពេល ៥ឆ្នាំកន្លងមកនេះ?

ភ្នំពេញ៖ ឃើញថា ក្រុមហ៊ុន Apple ក្រោយពេល​លោក Tim Cook ដឹកនាំក្នុងនាមជានាយកប្រតិបត្តិ (CEO) គឺមានការរីកចម្រើនខ្លាំង និងមានភាពខុសប្លែកពីការដឹកនាំរបស់លោក Steve Jobs បិតាស្ថាប​និក Apple។

ខាងក្រោមនេះគឺជាស្នាដៃល្អ​ៗរបស់លោក Tim Cook ដែលបានធ្វើនៅក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ក្នុងមានជា CEO៖

០១)​ បរិស្ថាន និងសង្គម
ពិភពលោកបានទទួលស្គាល់ថា Apple ជាក្រុមហ៊ុនមួយ ដែលគិតគូរពីផលប៉ះពាល់នៃបរិស្ថាន ជាពិសេសគឺការបំផុតបរិស្ថានតែម្ដង។ ក្នុងនាមជា CEO លោក Tim Cook បានខ្នះខ្នែងចូលរួម​នៅ​​យុទ្ធធាការប្រឆាំងផ្សេងៗ ដែលនាំឲ្យបំផុតដល់បរិស្ថាន។ ជាមួយគ្នានោះ លោក Tim Cook ក៏បាន​ចូល​រួមគាំទ្រដល់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ខណៈដែលពិភបលោកទាំងមូលបាន​និងកំពុងតែ​កាត់បន្ថយភាពរើសអើងទៅលើក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា។

០២) ប្រាក់ចំណេញកើនឡើងកប់ពពក
ចាប់តាំងពីឡើងកាន់តំណែងជា CEO នៅក្រុមហ៊ុន Apple មក លោកបានជំរុញឲ្យប្រាក់ចំណូល Apple រក្សានៅក្នុងស្ថានភាពមួយខ្ពស់ ជាពិសេសគឺប្រាក់ចំណេញ​កើនឡើងកប់ពពក។ នៅក្នុងត្រីមាសដើមឆ្នាំ ២០១៥ ប្រាក់ចំណេញក្រុមហ៊ុន Apple បានផ្ទុះឡើងយ៉ាងខ្លាំង។

០៣) នៅតែបន្តការវិនិយោគ ហើយម្ចាស់ភាគហ៊ុននិកនៅតែសប្បាយរីករាយ
អាចនិយាយបានថា មិនមែនមានតែលោក Steve Jobs ប៉ុណ្ណោះទេ ដែលដឹកនាំក្រុមហ៊ុន Apple បានឲ្យល្អ និងឆ្ពោះទៅមុខនោះ លោក Tim Cook ក៏មិនបាញ់ Steve Jobs ផងដែរ។ ក្នុងនាមជា​ក្រុមហ៊ុន​បច្ចេកវិទ្យាយក្សអាមេរិក Apple ក្រោមការដឹកនាំរបស់លោក Tim Cook នៅតែបន្តទិញកូនក្រុមហ៊ុនបច្ចេកវិទ្យាតូច​ៗ ដើម្បីពង្រីកការអភិវឌ្ឍន៍។ ការវិនិយោគដ៏អស្ចារ្យនេះហើយ បានទាក់ទាញភាគហ៊ុននិកថ្មី ឲ្យមក​វិនិយោគជាមួយបន្ថែមទៀត ខណៈដែលភាគហ៊ុននិកចាស់ៗ សប្បាយរីករាយជាមួយនឹងការរីកចម្រើនរបស់ Apple។

០៤) មិនខ្វល់ពីភាពរិះគន់ និងបានគេចចេញពីស្រមោល Steve Jobs
នៅក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ Apple មានអ្វីប្លែកៗជាច្រើន ដែល​គំនិតនៃការអភិវឌ្ឍន៍នេះ ត្រូវបាន​គេមើលឃើញថា Tim Cook មិនបានស្ដាប់តាមដំបូន្មានរបស់ Steve Jobs ឡើយ ជាក់ស្ដែងគឺ​ iPhone អេក្រង់ធំ ព្រោះ លោក Jobs គាត់បានបញ្ជាក់យ៉ាងច្បាស់ថា Apple មិនបង្កើត iPhone អេក្រង់​ធំឡើយ ប៉ុន្តែនៅទីបំផុតក្រោមស្នាដៃដឹកនាំរបស់ Tim Cook, iPhone អេក្រង់ធំក៏បានលេចចេញជា​រូបរាង និងទទួលបានការគាំទ្រយ៉ាងខ្លាំង។

០៥) នៅតែខ្លាំងដដែល
iPhone ត្រូវបានគេផ្ដល់តម្លៃថា ជាស្មាតហ្វូនមួយដែលមានភាពល្អប្រណិត និងមានតម្លៃខ្ពស់ ចាប់តាំង​ពី Steve Jobs ប្រកាសបង្ហាញនៅឆ្នាំ ២០០៧។ រហូតមកដល់ពេលនេះ បើទោះបីជា មានក្រុមហ៊ុនស្មាតហ្វូនជាច្រើន បាននិងកំពុងតែ​តាំងខ្លួនជាគួប្រជែងជាមួយ Apple ក៏ iPhone នៅតែរក្សា​បានតម្លៃខ្ពស់ និងជាទីគាប់ចិត្តរបស់​អ្នកប្រើដដែល។ លោក John Sculley អតីត CEO ក្រុមហ៊ុន Apple បានផ្ដល់ពិន្ទុ A++ ដល់លោក Tim Cook ថាជាបុគ្គលមួយរូប ដែលដឹកនាំ Apple បាន​ល្អ មិនចាញ់ Steve Jobs។

គួរបញ្ជាក់ផងដែរថា លោក Tim Cook ជាមនុស្សជំនិតបំផុតរបស់ Steve Jobs ហើយត្រូវបាន Apple តែងតាំងឲ្យធ្វើជា CEO ជំនួសលោក Steve Jobs នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១១ ដោយសារតែ​ជំងឺ​របស់លោក Steve Jobs កាន់តែធ្ងន់ធ្ងរ មិនអាចបន្តដឹកនាំ Apple ទៀតបាន៕

លោក Tim Cook និងលោក Steve Jobs
លោក Tim Cook និងលោក Steve Jobs

មតិយោបល់