ភ្នំពេញៈ អភិបាលខណ្ឌសែនសុខ ដែលទើបនឹងឡើងតំណែងថ្មីៗ លោក ប៉ិល កុសល បានប្រកាសថា មិនឲ្យមានភាពរញេរញៃនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីឡើយ ប៉ុន្តែលោកអះអាងថា កន្លែងផ្សេងមិនសំខាន់ទេ។ ការថ្លែងប្រាប់ Post News បែបនេះបន្ទាប់ពីរថយន្តតាក់ស៊ីចំនួន៣គ្រឿងបន្ថែមទៀត ត្រូវបានអាជ្ញាធរចាប់ឃាត់ បញ្ជូនទៅសាលាខណ្ឌកាលពីព្រឹកថ្ងៃទី២៦ សីហា ដោយសំអាងថា ប៉ះពាល់សណ្ដាប់ធ្នាប់។
នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរខណ្ឌសែនសុខបានប្រើកណ្ដាប់ដៃរបស់ខ្លួនចាត់ការទៅលើក្រុមអ្នករត់តាក់ស៊ី ប៉ុន្តែចំណាត់ការខ្លះហាក់មិនមានប្រសិទ្ធភាព។ មិនមានប្រសិទ្ធភាពក៏ព្រោះទេ មន្រ្តីក្នុងសាលាខណ្ឌសែនសុខ លើកដៃយកលុយពីអ្នករត់តាក់ស៊ីទាំងនេះ ។ បើតាមលោក ប៉ិល កុសល “យើងមិនឲ្យមានរថយន្តតាក់ស៊ីចាប់ម៉ូយនៅផ្លូវសហព័ន្ធរុស្ស៊ីទេ ពីព្រោះជាផ្លូវអន្តរជាតិ ប៉ុន្តែសម្រាប់កន្លែងផ្សេងវាមិនសំខាន់ទេ”។
ប្រជាពលរដ្ឋបាននិយាយថា នៅក្នុងខណ្ឌសែនសុខឧស្សាហ៍មានរថយន្តធំៗចេញចូលច្រើនជាងគេ ពិសេស គឺរថយន្តដឹកដី និងដឹកខ្សាច់ ចំណុចទាំងនេះ ប្រជាពលរដ្ឋស្នើឲ្យអភិបាលខណ្ឌថ្មីបោសសម្អាតឲ្យអស់ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួនថា ត្រឹមត្រូវយុត្តិធម៌។
បើនិយាយពីរថយន្តតាក់ស៊ីវិញ អ្នកបើរថយន្តដែលអាជ្ញាធរចាប់ឃាត់កាលពីព្រឹកមិញ បានប្រាប់ Post News ពួកគាត់មិនបានចាប់ម៉ូយនោះទេ ពោលគឺគ្រាន់តែបើកបរតាមផ្លូវធម្មតា ក៏ត្រូវអាជ្ញាធរចាប់ដែរ ។
តាមសេចក្តីរាយការណ៍មកថា រថយន្តតាក់ស៊ី៣គ្រឿងត្រូវបានអាជ្ញាធរខណ្ឌសែនសុខចុះឃាត់យកមកសាលាខណ្ឌ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពព័ត៌មានបានប្រាប់ថា រថយន្តដែលអាជ្ញាធរឃាត់ ទី១អ្នកបើកបរឈ្មោះ ស៊ុត ចាន់នឿន មានស្រុកកំណើត នៅខេត្តតាកែវ ទី២ឈ្មោះ នុត ណាត់ មានស្រុកកំណើតនៅខេត្ត កំពង់ស្ពឺ ទី៣ឈ្មោះ ង៉ែត ងន់ មានស្រុកកំណើត នៅខេត្តកំពត៕
https://youtu.be/m4rXk353gIM
មតិយោបល់