ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាពស្ទាក់កាប់អ្នកស្រុកជិះម៉ូតូពេលរាត្រី នៅស្រុកថ្មពួក

បន្ទាយមានជ័យ ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជនសង្ស័យ២នាក់ ត្រូវកម្លាំងផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក ឃាត់ខ្លួនយកមកសួរនាំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ពាក់ពន្ធ័ករណីបង្កហឹង្សា(កាប់)លើជនរងគ្រោះ១នាក់ ចំណុចភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក កាលពីយប់ថ្ងៃអាទិត្យបណ្តាលឲ្យរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមង្គលបូរីទាំងយប់។

ជនរងគ្រោះបានរៀបរាប់ថា ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩.០០នាទីយប់ នៅចំណុចភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក មានក្រុមក្មេងមួយក្រុមមានម៉ូតូចំនួន ០៤គ្រឿង មិនស្គាល់ឈ្មោះ បានឈរមុខផ្ទះឈ្មោះ គឹម សិលា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិឃុំខាងលើ ហើយក្រុមក្មេងទាំងនោះបានស្ទាក់ឃាត់ និងធ្វើសកម្មភាពកាប់ទៅលើខ្លួនដែលកំពុងជិះម៉ូតូមានគ្នាចំនួន ០៣នាក់៖ ១-.ឈ្មោះ លីម ពុម ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅខេត្តឧត្តរមានជ័យ 2/-ឈ្មោះ ផេង ភី ភេទប្រុស អាយុ ២០ឆ្នាំ ៣/-ឈ្មោះ វ៉ុន ឌី ភេទប្រុសអាយុ២១ឆ្នាំ រងរបួសកែងដៃ ផ្នែកខាងឆ្វេង រស់នៅភូមិរំពុក ឃុំស្វាយជ្រាស ស្រុកស្នួលខេត្តក្រចេះ បណ្តាលឲ្យអ្នកខ្លះរបួសធ្ងន់ ខ្លះរត់គេចខ្លួនរួច។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យមង្គលបូរី ឯក្រុមក្មេងដែលបង្កបានជិះម៉ូតូរត់គេចខ្លួនអស់តែម្តង។

លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២រសៀលនាទី កម្លាំងជំនាញបាន​ស្រាវជ្រាវ និងនាំមុខសញ្ញាសង្ស័យចំនួន ០២នាក់ ៖ ១/–ឈ្មោះ ឆាង ឆាត ភេទប្រុស អាយុ22ឆ្នាំ និង២/-ឈ្មោះ ហាត ឆាត ហៅសំ ភេទប្រុស អាយុ22ឆ្នាំ ជាជនដៃដល់ រស់នៅភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាមួយគ្នា បានសារភាព​ថាខ្លួនទាំងពីរនាក់ពិតជាបាន ធ្វើសកម្មភាពប្រើអំពើហិង្សា យកកាំបិតប៉ាំងតោកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យមានរបួសស្នាមប្រាកដមែន ដោយសារខឹងជនរងគ្រោះខាងលើជិះម៉ូតូពេញផ្លូវ ទើបស្ទាក់កាប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យស្ថិតក្រោមការសួរនាំរបស់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់ ។

ទាក់ទិននឹងករណីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់អាណាព្យាបាលឪពុកម្តាយ ត្រូវជួយអប់រំកូនចៅឲ្យប្រព្រឹត្តតែអំពើល្អ ជៀសវាងការសេពគ្រឿងញៀន។ មួយវិញទៀតយុវជនខ្លួនឯងត្រូវខិតខំធ្វើតែអំពើល្អនៅឲ្យឆ្ងាយពីគ្រឿងញៀន ខិតខំរៀន ដើម្បីជាទំពាំងស្នងប្ញស្សី សម្រាប់អនាគតខ្លួនឯង គ្រួសារនិងប្រទេសជាតិ កុំប្រព្រឹត្តអ្វីដែលសង្គមស្អប់ខ្ពើមខុសពីច្បាប់ គឺត្រូវមានទោសទណ្ឌ ព្រោះច្បាប់មិនអាចលើកលែងបានឡើយ ៕

មតិយោបល់