ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុមតារាខ្មែររៀបចំប្រគុំតន្ត្រី ដើម្បីប្រមូលថវិកាធ្វើសាលា និងស្ពានជូន ប្រជាពលរដ្ឋក្រីក្រនៅខេត្តកោះកុង

ភ្នំពេញៈ នៅក្នុងសន្និសីទនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះលោក ទិត្យ វិច្ឆិកា បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា រូបលោក និងតារាចម្រៀង តារាសម្តែង តារាកំប្លែងខ្មែរមួយចំនួនដែលស្រលាញ់ចូលចិត្តសកម្មភាពសប្បុរសធម៌បាននាំគ្នា រៀបចំកម្មវិធីប្រគុំតន្ត្រី «សប្បុរសធម៌ កំលាំងចិត្តសិល្បៈករខ្មែរជួយខ្មែរ» រយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបុរី ញូថោន ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដើម្បីរៃអង្គាសប្រាក់ប្រមាណ ៣ម៉ឺនដុល្លារយកទៅធ្វើសាលារៀនមួយខ្នង៤បន្ទប់ ក្លោងទ្វាសាលា និងស្ពានឆ្លងអូរប្រវែង៣០ម៉ែត្រ នៅភូមិជាំស្លា ឃុំថ្មបាំង ស្រុកស្រែអំបិល ខេត្តកោះកុង។ លោកបានបន្តថា ការផ្តួចផ្តើមគំនិតនេះឡើងដោយសារតែរូបលោកបានទៅដល់ទីតាំងខាងលើបានជួបប្រជាជន និងកុមារាកុមារីដែលមានជីវភាពខ្វះខាត និងត្រូវការសាលារៀនមួយខ្នងដើម្បីបានសិក្សានៅបឋមសិក្សា ឧបសម្ព័ន្ធទួលអូកី។ ជាងនេះទៅទៀត ប្រជាជនបានជួបទុក្ខលំបាកដោយសារតែគ្មានស្ពានឆ្លងកាត់អូរទើបលោកត្រូវរកថវិកាជំនួយធ្វើស្ពានជូនប្រជាជន។

ក្រុមតារាចម្រៀង និងតារាសម្តែងដែលបានចូលរួមក្នុងសន្និសីទនាពេលនោះបានសម្តែងភាពរីករាយនៅក្នុងការចូលរួមការប្រគុំតន្ត្រីជាមួយលោក ទិត្យ វិច្ឆិកា ទោះពួកគាត់មិនមានប្រាក់កាក់ច្រើនដើម្បីជួយ ប៉ុន្តែអាចយកទេពកោសល្យទៅចូលរួមដើម្បីរួមចំណែកជួយប្រជាជនផងដែរ។

សូមបញ្ជាក់ថា កម្មវិធីប្រគុំតន្ត្រី «សប្បុរសធម៌ កំលាំងចិត្តសិល្បៈករខ្មែរជួយខ្មែរ» បានធ្វើឡើងដោយឥតគិតថ្លៃចំពោះអ្នកទស្សនា ក្រោមការសហការពីក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុន RGB Media ដោយមានការដាក់តូបលក់ផលិតផលកម្ពុជា និងថៃជាច្រើនប្រភេទផងដែរ៕

photo_2016-08-26_19-45-03photo_2016-08-26_19-44-59photo_2016-08-26_19-44-54photo_2016-08-26_19-44-49photo_2016-08-26_19-44-43

មតិយោបល់