ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីប្រើកាំបិតភ្ជង់ប្លន់ នៅខេត្តព្រះសីហនុ…

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០១និង២០នាទី រំលងអាធ្រាត្រ នៅចំណុច វិថីជំទាវម៉ៅ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី កំហែងយក (ប្រើកាំបិតភ្ជង់ប្លន់យកសម្ភារ) ចំនួន០២ករណីបង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិខ្មែរ បានធ្វើសកម្មភាព ដោយច្របាច់កអ្នករត់ម៉ូតូកង់បី និងបានប្រើកាំបិតចុងស្រួច ភ្ជុងប្លន់ យកបានទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO រីណូ៥ ពណ៌ខ្មៅ និងធ្វើសកម្មភាព កំហែងយក មួយករណី បន្ថែមទៀត ដោយប្រើកាំបិតចុងស្រួច ភ្ជង់ប្លន់យកម៉ូតូ ០១គ្រឿង ម៉ាក ស៊ីរ៉ូស ពណ៌ក្រហម-ខ្មៅ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការឡោមព័ទ្ធព្រៃដែលជនសង្ស័យរត់ចូលទៅលាក់ខ្លួននៅក្នុង និងធ្វើការរុករករហូតដល់វេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃដដែល ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ ។ជនសង្ស័យទាំង ០២នាក់ មានឈ្មោះដូចខាងក្រោម
១-ឈ្មោះ ហ៊ុន សកល ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិ២ សង្កាត់១ ខេត្ត-ក្រុងព្រះសីហនុ ។
២-ឈ្មោះ ហ៊ុន ឆាយយ៉ា ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិ២ សង្កាត់១ ខេត្ត-ក្រុងព្រះសីហនុ ។

វត្ថុតាងចាប់យកមាន៖
-ទូរសព្ទដៃ ០១គ្រឿងម៉ាក OPPO រីណូ៥ ពណ៌ខ្មៅ (ផលនៃអំពើចោរកម្ម) ម៉ូតូ ០១គ្រឿង ម៉ាក ស៊ីរ៉ូស ពណ៌ក្រហម-ខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើចោរកម្ម) កាំបិតចុងស្រួច ០១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស) ទូរសព្ទដៃ ០១គ្រឿងម៉ាក VIVO ពណ៌ផ្ទៃមេឃ អត្តសញ្ញាណប័ណ្ណ ០២ សន្លឹក (របស់ជនសង្ស័យទាំង ០២នាក់) និងកាតធនាគារ ០១សន្លឹក ។ករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ០២នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់