ភ្នំពេញ: មនុស្សម្នាក់ដេកស្លាប់ ដោយសារឆក់ខ្សែភ្លើង នៅចំណុចការដ្ឋានសំណង់ក្រុមទី១១ ភូមិចំការឳឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ករណីនេះត្រូវបាន អះអាងពី អធិការដ្ឋាននគរបាលរដ្ឋបាល ខណ្ឌពោធិ៍សែនជ័យ ប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាប កាលពី ម៉ោង០៧:៣០នាទី យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ។
មន្ត្រីមានសមត្ថកិច្ច បានប្រាប់អ្នកសារព័ត៌មានយើងថា ករណីមនុស្សម្នាក់ដេកស្លាប់នេះ គឺដោយសារឆក់ខ្សែភ្លើង ជនរងគ្រោះឈ្មោះ ឆេង សារុន ហៅ ហុង ភេទ ប្រុស អាយុ ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុមទី១ ភូមិតាងួន សង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ ក្រុងភ្នំពេញ មុខរបរ កម្មករសំណង់។
តាមការបំភ្លឺ ពីឈ្មោះ អូន ផល្លា ប្រាប់ភ្នាក់ងារ Post News ឱ្យដឹងថា នៅវេលាម៉ោង ខាងដើម ខ្លួនបានចូលធ្វើការជាមួយកម្មករសំណង់ នៅផ្នែកខាងលើ ក៏បានលឺសូរសំលេង ម៉ូទ័របុកបេតុង ដែលជាង ហុង (សាកសព) ធ្វើការនៅជាន់ផ្ទាល់ដី មួយសន្ទុះក៏ស្ងាត់ បន្តិចក្រោយមក ស្រាប់តែកម្មករផ្សេងទៀត ផ្អើលស្រែកឆោឡោថា មានមនុស្សឆក់ខ្សែភ្លើង ទើបខ្លួនចុះមកមើល ឃើញជាង ហុង ដេកលើដី ក៏នាំគ្នាជួយលើកគាត់ មកដាក់លើវាលដីខ្សាច់លាយទឹក ដា់គ្របពីលើខ្លួនគាត់ បន្តិចក្រោយមក ទើបពេទ្យមកដល់ ពិនិត្យគាត់ បានប្រាប់ថា ជាង ហុង ស្លាប់បាត់ហើយ។
បច្ចុប្បន្ន សាកសព ត្រូវបានមន្ត្រីមានសមត្ថកិច្ច ប្រគល់ជូនទៅកាន់ប្រពន្ធកូន ក្រុមគ្រួសារនៃសព ដើម្បីយកមកធ្វើបុណ្យ តាមប្រពៃណី នៅស្រុកកំណើត ឯខេត្តត្បូងឃ្មុំ៕
មតិយោបល់