ព័ត៌មានជាតិ

លទ្ធផលស្រាវជ្រាវបឋម ពាក់ព័ន្ធការសង្ស័យមានបាចដែកគោល វីស កំទេចដែកផ្សេងៗចំណុចស្ពានអ្នកលឿង…

ព្រៃវែង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានអោយដឹងថា អធិការដ្ឋនគរបាលស្រុកពាមរក៍ មានកិត្តិយសសូមបំភ្លឺឆ្លើយតប ករណីធ្លាយកង់ម៉ូតូ ធ្លាយកង់ឡានលើស្ពានអ្នកលឿង ដោយសារដែកគោល វីស និងកម្ទេចដែកតូចៗ នៅចំណុចលើស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ដូចតទៅ ៖

ក្រោយពីទទួលបានព័ត៌មានខាងលើ លោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានដឹកនាំមន្ត្រីនគរបាលជំនាញ ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជាទីបំផុត នៅពេលមួយព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ។

លទ្ធផលស្រាវជ្រាវបឋម ដោយផ្អែកលើការពិនិត្យរបស់នគរបាលជំនាញបង្ហាញថា ផ្លូវជាតិលេខ១ មានលំហូរចរាចរណ៍ចេញ-ចូលច្រើន ក្នុងនោះក៏មានរថយន្តដឹកដែកអេតចាយជាច្រើនឆ្លងកាត់ចំណុចស្ពានអ្នកលឿងជារៀងរាល់ថ្ងៃផងដែរ ហើយដោយស្ថានភាពផ្លូវនៅចំណុចគល់ស្ពានមានចង្អូរលករាលាក់ៗសម្រាប់ឱ្យគ្រប់យានយន្តបន្ថយល្បឿន ទើបធ្វើឱ្យកម្ទេចដែក វីស ជ្រុះធ្លាក់ចៀសមិនរួច ទើបណ្ដាលឱ្យមុតធ្លាយកង់យានយន្តរបស់ប្រជាពលរដ្ឋធ្វើដំណើរ

មួយវិញទៀត តាមការបញ្ជាក់បំភ្លឺរបស់ប្រជាពលរដ្ឋជាសាក្សីជាច្រើននាក់ ដែលរស់នៅក្បែរនោះ បានឱ្យដឹងថា នៅចំណុចស្ពានអ្នកលឿងនេះ ពិតជារថយន្តដឹកគ្រឿងដែកអេតចាយជាច្រើន ឆ្លងកាត់ជារៀងរាល់ថ្ងៃពិតប្រាកដមែន ហើយពួកគាត់មិនដែលឃើញមានជនខិលខូចណាយកដែកគោល វីស ឬកម្ទេចដែកផ្សេងៗ ទៅបាចនៅចំណុចស្ពានអ្នកលឿងឡើយ ។

ជាមួយគ្នានោះ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋានគរបាលស្រុកពាមរក៍ បានកោះហៅប្រជាពលរដ្ឋ ដែលមានមុខរបររកស៊ីប៉ះម៉ូតូឡានចល័តនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចស្ពានអ្នកលឿងមកសាកសួរបំភ្លឺ ។ តាមការឆ្លើយបំភ្លឺរបស់ប្រជាពលរដ្ឋដែលប្រកបរបរប៉ះកង់ម៉ូតូឡានចល័តនៅលើស្ពានអ្នកលឿង បានរៀបរាប់ប្រាប់នគរបាលថា ពួកគាត់មិនបានរកស៊ីដោយធ្វើអំពើខិលខូចបែបនេះទេ គាត់រកស៊ីដោយប្រើកម្លាំងកាយ និងកម្លាំងចិត្តរបស់គាត់ ។ ចំពោះមូលហេតុដែលគាត់តែងតែដឹងថា មានប្រជាពលរដ្ឋធ្លាយកង់ម៉ូតូនៅលើស្ពាន គឺដោយសារតែអ្នកដំណើរលើស្ពានដូចគ្នាមកប្រាប់គាត់ថា មានអ្នកធ្លាយម៉ូតូនៅលើស្ពាន ទើបគាត់ជិះឡើងទៅស្ពាន ដើម្បីជួយប៉ះកង់ម៉ូតូនោះបានលឿនទាន់ចិត្ត ។ គាត់បានបន្តថា បើនគរបាលឱ្យគាត់ឈប់រកស៉ីប៉ះកង់ម៉ូតូ កង់ឡាននៅក្បែរស្ពាននោះទៀត គាត់នឹងឈប់ភ្លាម គាត់មិនចង់រងការប្រមាថមើលងាយថាគាត់រកស៉ីមុខរបរថោកទាបដូចការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋខ្លះឡើយ ត្បិតគាត់ក្រីក្រ តែគាត់មិនប្រព្រឹត្តអំពើទុច្ចរិតបែបនោះឡើយ ។

បន្ទាប់ពីធ្វើការស្រាវជ្រាវលើករណីនេះរួច កម្លាំងនគរបាល នៃអធិការដ្ឋានគរបាលស្រុកពាមរក៍ បានធ្វើការបោសសម្អាត ប្រមូលកម្ទេចកម្ទីដែក និងបាញ់ទឹកលាងស្ពាន ដើម្បីសោភ័ណភាព និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួលផងដែរ ។

ជុំវិញករណីនេះ អធិការដ្ឋាននគរបាលស្រុកពាមរក៍ សន្យាថានឹងបន្តចុះស្រាវជ្រាវ និងត្រួតពិនិត្យជាប្រចាំមិនបញ្ឈប់ត្រឹមនេះឡើយ ករណីឃើញមានប្រជាពលរដ្ឋ ឬជនខិលខូចយកកម្ទេចដែកគោល វីស ទៅបាចលើចំណុចលើស្ពានអ្នកលឿងនេះ កម្លាំងនគរបាល នឹងចាប់ឃាត់ខ្លួនយកមកអនុវត្តនីតិវិធីច្បាប់ ដោយគ្មានការលើកលែង ។

ទទ្ទឹមនេះដែរ អធិការដ្ឋានគរបាលស្រុកពាមរក៍ ក៏សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ដែលបានជួយផ្ដល់ព័ត៌មានយ៉ាងទូលំទូលាយតាមបណ្ដាញសង្គម និងបានរាយការណ៍មកនគរបាលជំនាញ ការនេះហើយ ទើបនគរបាលមានមូលដ្ឋានគ្រិះក្នុងការស្រាវជ្រាវករណីនេះ និងអាចកែប្រែចំណុចខ្វះខាតរបស់ខ្លួន ដើម្បីធ្វើឱ្យល្អប្រសើរ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របតាមការចង់បានរបស់ប្រជាជនទូទៅ ៕

មតិយោបល់