ព័ត៌មានជាតិ

តែបែរជាអ្នកលួចទៅវិញ សន្តិសុខយាមផ្សារក្រុងព្រៃវែង ចូលគាស់តូបអាជីវករលួចយកអីវ៉ាន់ ត្រូវនគរបាលស្រាវជ្រាវ ឃាត់ខ្លួន…

ព្រៃវែង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានអោយដឹងថា សន្តិសុខយាមផ្សារព្រៃវែង រួមនិងកូនប្រុសម្នាក់ទៀត ត្រូវបាននគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងព្រៃវែង ចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាឈានដល់ចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចគាស់តូបអាជីវករ និងលួចយកបារីជាច្រើនសុងយកទៅលក់បន្ត ។

ប្រតិបត្តិការនេះ កម្លាំងនគរបាលខេត្តព្រៃវែង ធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ប៊ុត គង់ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង រហូតកំណត់មុខសញ្ញាកោះហៅជនសង្ស័យមកធ្វើការសួរនាំ រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ងិន ហួរ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង និងម្នាក់ទៀតត្រូវជាកូន មានឈ្មោះ ង៉ាន សេងលាភ ។

គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ងិន ហួរ ដែលជាសន្តិសុខយាមផ្សារក្រុងព្រៃវែង (ផ្សារចាស់) បានមកដេកយាមផ្សារនៅទីស្នាក់ការផ្សារ និងបានតេហៅកូនប្រុសមកដេកជាមួយ ។ រហូតដល់វេលាម៉ោង ០១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ខ្លួនក្រោកឡើងដើរចូលទៅក្នុងផ្សារ ពេលទៅដល់តូបលក់អីវ៉ាន់របស់ជនរងគ្រោះ ខ្លួនបានយកដែកគាស់ចំនួន ០១ដើម កាំបិតតូចចំនួន ០២ដើម រណាផ្លាទីនចំនួន ០១ កំប៉ុងត្រីខចំនួន ០២ កំប៉ុង យកដាក់ក្នុងថង់ពណ៌ស បន្ទាប់មកទៅយកកន្ត្រៃកាត់ដែកប្រភេទធំ មកកាត់សាយ៉ូវទំលាក់សោ ហើយបើកទ្វាចូលលូកយកបានបារីម៉ាក ម៉ាយសាវែន ចំនួន ១៥សុង, បារីសេកចំនួន ១៧សុង ត្រីខ ១យួរ, ទឹកដោះគោឆៅ ១យួរ រួចក៏បានយកទៅលាក់ទុកនៅក្រោយស្នាក់ការផ្សារ ។ រហូតដល់ម៉ោង ០៣ទាបភ្លឺ ឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ខ្លួនបានយកបារីសេកចំនួន ០២សុង ឲ្យកូនដាក់ក្នុងកាតាប ហើយត្រឡប់ទៅផ្ទះវិញ ។ លុះដល់វេលាម៉ោង ១៥ រសៀល ខ្លួនក៏បានលើកឡាំងបារីដាក់លើម៉ូតូជិះយកទៅលក់ឱ្យអ្នកលក់ចាប់ហួយមួយកន្លែង នៅម្ដុំខាងជើងវត្តសាំងសាម៉ី ក្នុងតម្លៃ ៧៥០.០០០ (ចិតសិបប្រាំម៉ឺនរៀល) ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់