ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពជិះម៉ូតូដេញគប់គ្នាដោយដុំថ្ម នៅខេត្តបន្ទាយមានជ័យ…

បន្ទាយមានជ័យ:យុវជនម្នាក់ក្នុងចំណោមបក្សពួក 6 នាក់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ 2023 ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនយកមកសួរនាំ ពាក់ព័ន្ធករណីវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ លើដងផ្លូវសាធារណ:នៅទីប្រជុំជន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឃាត់បានជនសង្ស័យម្នាក់ឈ្មោះ សួរ គឹមសៀន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមទឹកថ្លា សង្កាត់ទឹកថ្លា។

គួរបញ្ជាក់ថា នៅថ្ងៃទី31.08.2023 វេលាម៉ោង16:40នាទី មានករណីហឹង្សាចេតនាមួយ បង្កឡើងដោយមានក្មេងស្ទាវចំនួន០២ក្រុម មានគ្នាប្រហែល 20នាក់ ម៉ូតូប្រហែល 10គ្រឿង (កំណត់អត្តសញ្ញាណមិនទាន់បាន) បានធ្វើសកម្មភាពជិះម៉ូតូដេញគប់គ្នាទៅវិញទៅមក ប្រដាប់ដោយដុំថ្ម និងមួកសុវត្តិភាព នៅចំណុចមុខសាលារៀនគោរដ្ឋាន ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បន្ទាប់ពីធ្វើសកម្មភាពរួចក៏បាននាំគ្នាជិះម៉ូតូរត់គេចពីកន្លែងកើតហេតុអស់ទៅ។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ឈ្មោះ សួរ គឹមសៀន បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពនៅចំនុចកើតហេតុទីនោះពិតមែន ចំណែកបក្សពួករបស់គេ មានគ្នា៦នាក់កំពុងរត់គេចខ្លួន។ ឈ្មោះ ហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា (ជាអ្នកយកមួកសុវត្ថិភាពគប់ទៅលើក្រុមម្ខាងទៀត)។ និងក្រុមម្ខាងទៀតកំពុងគេចខ្លួនផងដែរ។

បច្ចុប្បន្នកម្លាំងនគរបាលផែនព្រហ្មទណ្ឌ បានកំពុងបន្តការស្រាវជ្រាវស្វែងរកពួកជនសង្ស័យដែលកំពុងរត់គេចខ្លួន។រីឯជនសង្ស័យឈ្មោះ សួរ គឹមសៀន កម្លាំងនគរបាលការិយាល័យកម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

មតិយោបល់