ភ្នំពេញ:លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(វ៉ៃនិងប្រើដែកទួណឺវ៉ីសចាក់ក)កាលពីថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង១៦ និង១០នាទី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-ជនរងគ្រោះ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខA២ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ គឹម ម៉រ៉ាឌី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅការដ្ឋាន ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-សម្ភារៈបន្សល់ទុក: ១/ ទូរស័ព្ទដៃម៉ាក iphone ១៤ ចំនួន០១គ្រឿង, ២/ផ្លែទួណឺវ៉ីសចំនួន០១,៣/ដែកសម្រាប់ឆ្កឹះសោរចំនួន០២,៤/កន្ត្រៃកាត់ក្រចកចំនួន០១។
ហេតុការណ៍៖ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦និង១០នាទី ជនរងគ្រោះ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានសាកថ្មទូរស័ព្ទដៃ០១គ្រឿងម៉ាក់ iphone ១៤ ពណ៌ខ្មៅ លើក្បាលដំណេកខាងឆ្វេងហើយជនរងគ្រោះក៏ដេកលក់ទៅ ។ បន្ទាប់មកជនសង្ស័យឈ្មោះ គឹម ម៉ារ៉ាឌី ភេទប្រុស អាយុ ៣៣ឆ្នាំ ជាកម្មករសំណង់ជួសជុលផ្ទះក្បែរផ្ទះជនរងគ្រោះបានឃើញទ្វារដំបូលចំហទ្វារ ជនសង្ស័យក៏បានលួចចូលទៅខាងក្នុងផ្ទះ ហើយឃើញជនរងគ្រោះ ដេកលក់នៅក្នុងបន្ទប់ រួចដាក់សាកថ្មទូរស័ព្ទដៃ០១គ្រឿងម៉ាក iphone ១៤ ពណ៌ខ្មៅ ក្បាលដំណេកខាងឆ្វេង បន្ទាប់មកជនសង្ស័យក៏បានចូលក្នុងបន្ទប់ជនរងគ្រោះរួចធ្វើសកម្មភាពលួចទូរសព្ទដៃម៉ាកខាងលើ ស្រាប់តែជនរងគ្រោះផ្ញាក់ដឹងខ្លួនឃើញជនសង្ស័យកំពុងធ្វើសកម្ម ភាពលួចទូរសព្ទដៃរបស់ខ្លួនក៏បានស្រែកឆោឡោឲ្យអ្នកជិតខាងជួយ ហើយជនសង្ស័យឃើញជនរងគ្រោះស្រែកឆោឡោក៏បានយកដែកផ្លែទួណឺវ៉ីសចាក់កនិងវ៉ៃជនរងគ្រោះ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោយើងកំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋានក្បែរកន្លែងកើតហេតុបានឮជនរងគ្រោះស្រែកឲ្យជួយ ហើយសមត្ថកិច្ចយើងក៏បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាង១/ទូរស័ព្ទដៃម៉ាកiphone១៤ចំនួន០១គ្រឿង,២/ផ្លែទួណឺវ៉ីសចំនួន០១,៣/ដែកសម្រាប់ឆ្កឹះសោរចំនួន០២,៤/កន្ត្រៃកាត់ក្រចកចំនួន ០១ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោធ្វើការសាកសួរតាមនីតិវិធីច្បាប់។ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពចូលក្នុងផ្ទះ លួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ។
ព័ត៌មានជាតិ
មតិយោបល់