ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីប្រើថ្នាំសណ្តាំលួចទ្រព្យសម្បត្តិពីនារី២នាក់…

រតនគិរី:ប្រភពយោងតាមផេកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា នៅថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ១៨ និង ០០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅត្រង់ចំណុចផ្ទះណាក់ ពាក់ព័ន្ធករណីប្រើថ្នាំសណ្ដាំ លួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ (លួច ខ្សែដៃ ទូរសព្ទ័ និងលុយខ្មែរ) ស្ថិតក្នុងភូមិ អូរស្ពាន សង្កាត់ស្ពាន មានជ័យ ក្រុង សែនមនោរម្យ ខេត្ត មណ្ឌលគិរី កាលពីថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ០៤ និង ២០ នាទី។ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងតុលាការខេត្តរតនគិរី។
-ជនសង្ស័យឈ្មោះ សួ ពិសិដ្ឋ ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន ពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិ ជំពូវ័ន្ត ខណ្ឌ ពោសែនជ័យ រាជធានី ភ្នំពេញ។
+អំពីអង្គហេតុ
+យោងបណ្ដឹង
១-ពាក្យបណ្ដឹងរបស់ឈ្មោះ ទូច ស្រីនុត ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តុ។
២-ពាក្យបណ្ដឹងរបស់ឈ្មោះ ធាន ស្រីលីន ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តុ។
៣-ពាក្យបណ្ដឹងរបស់ឈ្មោះ ស៊ាវ លីនអរ ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តុ អ្នកទាំង ០៣ មានទីលំនៅសព្វថ្ងៃនៅភូមិ អូរស្ពាន សង្កាត់ ស្ពានមានជ័យ ក្រុង សែនមនោរម្យ ខេត្ត មណ្ឌលគិរី បានរៀបរាប់ថាពួកខ្លួនត្រូវបានជនមិនស្គាល់អត្តសញ្ញាណបបួលទៅញាំអីនៅផ្ទះសំណាក់ឈ្មោះ ម៉ាណែល តាមរយ:មេការរបស់ពួកខ្លួន។ លុះពេលទៅដល់ជនសង្ស័យបានឲ្យពួកខ្លួនជួលបន្ទប់ផ្សេងៗគ្នា ស្រាប់តែមួយសន្ទុះក្រោយមកពួកខ្លួនក៏បានបាត់ទ្រព្យសម្បត្តិសម្ភារ:មានតម្លៃមួយចំនួនរួមមាន៖
១-ទូរសព្ទដៃមួយគ្រឿង ម៉ាក iphone 13 Promax ពណ៌ខៀវ
២-លុយរៀលចំនួន ២៩០០០០៛ (ពីរសែនប្រាំបួនម៉ឺនរៀល)
៣-ខ្សែដៃចំនួន ០១ខ្សែ ។
ក្រោយពីធ្វើសកម្មភាពដាក់ថ្នាំសណ្ដាំលួចយកទ្រព្យសម្បត្តិខាងលេីរួចជនសង្ស័យបានគេចខ្លួនបាត់តែម្ដង លុះនៅថ្ងៃទី ០៩ ខែ វិច្ឆិកា ពួកខ្លួនក៏មកធ្វើការនៅខេត្តរតនគិរី ក៏ប្រទះឃេីញជនសង្ស័យ នៅខេត្តរតនគីរី ហេីយពួកខ្លួនក៏ប្ដឹងរាយការណ៍ មកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យខាងលេីតែម្ដង។
+សម្ភារ:ដកហូតរួមមាន
១-លុយដុល្លារក្លែងក្លាយចំនួន ៥២០០ដុល្លារ (ប្រាំពាន់ពីររយដុល្លារ)
២-លុយខ្មែរចំនួន ២៣០០០០រៀល (ម្ភៃបីម៉ឺនរៀល)
៣-លុយដុល្លារ ៤០ ដុល្លារ (សែសិបដុល្លារ)
៤-ទូរសព្ទដៃចំនួន ០២ គ្រឿង
៥-ខ្នាយជ្រូកព្រៃចំនួន ០១ និងបណ្តោងព្រះចំនួន ០១
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យខាងលើត្រូវបានរក្សាទុក និងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដេីម្បីរង់ចាំប្រគល់-ទទួលជូនកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី យកទៅកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

មតិយោបល់