កាលពីព្រឹកមិញនៅអធិការដ្ឋានខណ្ឌទួលគោក បានរៀបចំពិធីសន្និសីទកាសែត ធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី ៣១ មករា ២០១២ ចូលរួមបង្ហាញដោយលោកហួត ចាន់យ៉ារ៉ាន់ អធិការប៉ូលិសខណ្ឌទួលគោក និងមន្ត្រីប៉ូលិសជាច្រើនទៀត ដើម្បីបង្ហាញមុខមាត់ពិតក្រុមចោរ៤នាក់ និងសកម្មភាព ឆក់ ប្លន់ បង្ករបួសស្នាម និង មនុស្សឃាត ។
ក្រុមចោរប្លន់គ្រឿងអលង្ការ ឆក់ខ្សែ.ក និងមនុស្សឃាតយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវនគរបាលខណ្ឌទួលគោក ស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ចំនួន៤នាក់ ក្នុងនោះមានស្ត្រីម្នាក់កាលពីយប់ថ្ងៃទី២៩ និងរសៀលថ្ងៃទី៣០ មករា ដកហូតកាំភ្លើងខ្លីម៉ាក K54 មួយគ្រឿង ។
ជនសង្ស័យដែលចាប់ខ្លួន ១-ឈ្មោះហេង បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ជានិស្សិតឆ្នាំទី ១ ផ្នែកព័ត៌មានវិទ្យា សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ស្នាក់នៅផ្ទះលេខ ១៨ ផ្លូវលេខ ៣៣១ ក្រុមទី ១៩ ភូមិ ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជាមេខ្លោងប្រើប្រាស់អាវុធខ្លី K54 មួយដើម ២-ឈ្មោះហែម លក្ខណា ហៅស្រីល័ក្ខ ភេទស្រី អាយុ ២១ឆ្នាំ ជានិស្សិតឆ្នាំទី ១ ផ្នែកធនាគារ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ៣-ឈ្មោះ ផេង សារុន ហៅ តឿ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពីតប្រាកដ ស្នាក់នៅគ្មានផ្ទះលេខ ផ្លូវលេខ ៦០៨ សង្កាត់បឹងកក់ទី១ ៤ - ឈ្មោះ សន ចាន់រស្មី ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ ២៥ ផ្លូវលេខ ២៩៣ ក្រុមទី ៥៩ ភូមិ ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោកខណ្ឌទួលគោក។
តាមព័ត៌មានឱ្យដឹងថា កាលពីវេលាល្ងាចថ្ងៃទី២៩ មករា សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវចាប់បានស្ត្រីម្នាក់ដែលជាសង្សារក្រុមចោរប្លន់ ។ តាមការសារភាពរបស់ស្ត្រីខាងលើនៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី ២៩ មករា សមត្ថកសិច្ចក៏ឈានដល់ឃាត់ខ្លួនបក្សពួក២នាក់នៅផ្ទះសំណាក់ក្បែរ ផ្សារនាគមាស ។ លុះនៅវេលាព្រឹកថ្ងៃទី៣០ មករា សមត្ថកិច្ចដកហូតបានកាំភ្លើងខ្លីមួយដើមដែលឈ្មោះហេង បញ្ញា លាក់ទុកនៅផ្ទះ ហើយនៅវេលាម៉ោង៣រសៀល ក៏ឈានទៅឃាត់បានបក្សពួកម្នាក់ទៀត សរុបទាំងអស់៤នាក់ ដកហូតបានកាំភ្លើងខ្លី១ដើម និងម៉ូតូចំនួន២គ្រឿង ព្រមទាំងខ្សែ.កក្លែងក្លាយមួយចំនួនទៀត។
តាមសមត្ថកិច្ចបង្ហើបឱ្យដឹងថា ក្រុមនេះជាក្រុមចោរប្លន់គ្រឿងអលង្ការ ឆក់ខ្សែ.កបង្ករបួសស្នាម និងមនុស្សឃាតយ៉ាងសកម្មក្នុងរាជធានីភ្នំពេញកន្លងមក៕ឈាមត្រជាក់
មតិយោបល់