<
p align=”center”>
កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១២ Nokia បានដាក់សម្ពោធស្មាតហ្វូនវង្សត្រកូល Asha អេក្រង់ Touch ប្រកបដោយតំលៃដ៏សក្តិសមបំផុតចំនួនបីម៉ូដែលទៀតនៅឯទីក្រុងបាងកកនៃប្រទេសថៃ។ ស្មាតហ្វូនទាំងនោះរួមមាន Nokia Asha 305 (ស៊ីម ២), Nokia Asha 306 និង Nokia Asha 311។
ស្មាតហ្វូនត្រកូល Asha ទាំងនេះ មាន User Interface ថ្មី និងមានលក្ខណៈសាមញ្ញ ត្រូវបានផលិតឡើងសម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់ទាំងឡាយណាដែលចង់ប្រើប្រាស់អ៊ិនធឺណិត (Data) ច្រើនដោយចំណាយអស់ថវិកាតិច។ អ្នកប្រើប្រាស់អាចទទួលបានប្រយោជន៍ដ៏ច្រើនពី Nokia Browser 2.0 បច្ចេកវិទ្យា Cloud កំណែប្រែថ្មីពី Nokia មានសមត្ថភាពបង្រួមទំហំទិន្នន័យបានរហូតដល់ទៅ៩០% ជាកត្តាជម្រុញឲ្យអ៊ិនធឺណិតដើរលឿនហើយគិតថ្លៃកម្រិតទាបថែមទៀត។ ការប្រើប្រាស់បច្ចេកវិទ្យា Cloud នេះញ៉ាំងឲ្យអ៊ិនធឺណិតនៃ Nokia Asha 305, 306 និង 311 ដើរលឿនជាងអ៊ិនធឺណិត នៃទូរស័ព្ទដទៃដែលមានតំលៃប្រហាក់ប្រហែលគ្នាពី ២-៣ដង!
ក្រៅពីភ្ជាប់ទំនាក់ទំនងតាមរយៈបណ្តាញសង្គមជាមួយមិត្តភក្រ្តនិងក្រុមគ្រួសារ ម្ចាស់ស្មាតហ្វូន Nokia Asha 305, 306 និង 311 អាចអានព័ត៌មានជាភាសាខ្មែរនៅគ្រប់គេហទំព័រដែល ប្រើប្រាស់ខ្មែរយូនីកូដ, និងដោនឡូដកម្មវិធីផ្សេងៗមកដាក់ក្នុងទូរស័ព្ទទៀតផង ដូចជាបទចម្រៀង វីដេអូ ឬរូបភាពផ្សេងៗដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងពិភពអ៊ិនធឺណិត។ ចំណែកឯនៅក្នុង Nokia Store វិញ អ្នកប្រើប្រាស់អាចរីករាយដោនឡូដដ៏សម្បូរបែបចំនួនរាប់ពាន់រាប់ម៉ឺនកម្មវិធីដើម្បីយកទៅ ប្រើប្រាស់តាមតម្រូវការ។
លើសពីនេះ Nokia Asha 305, 306 និង 311 មានផ្តល់ជូននូវហ្គែម EA ដោយឥតគិតថ្លៃចំនួន ៤០ ហ្គែមថែមទៀត។ អ្នកប្រើប្រាស់អាចលេងហ្គែមទាំងនោះ ដោយចូលទៅដោនឡូដពី Nokia Store យកមកទុកក្នុងទូរស័ព្ទទុកជារៀងរហូត។ ហ្គែមទាំង ៤០ នោះ រាប់បញ្ចូលទាំង Tetris, Bejeweled, Need for Speed: The Run and FIFA 2012 ផង។ ដោយឡែកចំពោះ Nokia Asha 311 វិញ មានហ្គែម Angry Bird បញ្ចូលរួចជាស្រេច ហើយអាចលេងបានដល់ កម្រិតទី ១៥។
Nokia Asha 305 ជាស្មាតហ្វូន Touch Screen ស៊ីមពីរ ប្តូរស៊ីមដោយពុំចាំបាច់បិទទូរស័ព្ទ មានអេក្រង់ទំហំ 3 អ៊ិញ ម៉ាស៊ីនថត 2 មេហ្កាពិកសែល។ Nokia Asha 306 មានលក្ខណៈស្រដៀងគ្នាទៅនឹង Nokia Asha 305 ដែរ តែវាជាស្មាតហ្វូនស៊ីមមួយ និងមាន Wifi។ ចំណែកឯ Nokia Asha 311 វិញគឺជាទូរស័ព្ទស៊ីមមួយ, អ៊ិនធឺណិត 3.5G, មានអង្គគណនា 1GHz និងមានម៉ាស៊ីនថត 3.2 មេហ្គាពិកសែល។
យោងតាមតំណាងនៃទីស្នាក់ការ Nokia ប្រចាំនៅកម្ពុជា ស្មាតហ្វូន Nokia Asha 305 ស៊ីមពីរ នឹងត្រូវដាក់ លក់នៅលើទីផ្សារនៅពាក់កណ្តាលខែកក្កដាខាងមុខនេះក្នុងតំលៃ ៨៩ ដុល្លាសហរដ្ឋ។ រីឯស្មាតហ្វូន Nokia Asha 311 នឹងមានដាក់លក់នៅចុងខែកក្កដា ក្នុងតំលៃ ១២៥ ដុល្លាសហរដ្ឋ។
មតិយោបល់