ព័ត៌មានជាតិ

កុ្រមហ៊ុន​ឈេហ្វរ៉ុន​សហការ​ជាមួយ​អង្គការ​មូនិធិ​បង្ការ​របួស​អាស៊ី​ ចែក​មួក​សុវត្ថិភាព​ចំនួន​១៥០០ ​ជូន​ដល់​សិស្សានុ​សិស្ស ​និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យចំនួន៣ ក្នុងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១២៖ ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត សហការជាមួយអង្គការមូលនិធិបង្ការរបួស អាស៊ី អនុវត្តកម្មវិធីអប់រំផ្នែកសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្សនៅវិទ្យាល័យចំនួន៣ គឺវិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នងកាលពីថ្ងៃទី២៩ ខែមិថុនា វិទ្យាល័យ ឫស្សីកែវថ្ងៃទី០៣ ខែកក្កដា និងវិទ្យាល័យ ច្បារអំពៅ ថ្ងៃទី០៦ ខែកក្កដានៅក្នុងរាជធានីភ្នំពេញ ។ ក្រុមហ៊ុន ឈេហ្វរ៉ុន មានឆន្ទ:ក្នុងការចូលរួមចំណែកជួយកាត់បន្ថយនូវចំនួនអ្នកស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតំបន់នៃសហគមន៍នេះឲ្យមានកម្រិតទាប។ដោយក្រុមហ៊ុនបានប្តេជ្ញាជួយការពារអ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍តាមរយ:ការផ្តល់នូវអំណោយមួកសុវត្ថិភាពចំនួន១៥០០មួក ព្រមទាំងវគ្គបណ្តុះបណ្តាលដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សពីសុវត្ថិភាពចរាចរណ៍។

លោក Chang SweeWahនាយកសាខារបស់ឈេហ្វរ៉ុនសំរាប់ក្រុមហ៊ុន កាល់តិចបានមានប្រសាសន៍ថា“វាគឺជាក្តីរីករាយ និងពេញចិត្តក្នុងការចូលរួមចំណែកក្នុងសកម្មភាពដ៍សំខាន់នេះ ព្រោះបញ្ហាស្លាប់និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍គឺជារឿងរ៉ាវដ៏ស្រួចស្រាវបំផុត។យោងតាមរបាយការណ៍ឆ្នាំ២០១០ របស់ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា បានបង្ហាញពីរបាយការណ៍គួរឲ្យព្រួយបារម្ភថា៖ ជាមធ្យមក្នុងមួយថ្ងៃ មានប្រជាពលរដ្ឋ ៥នាក់ ស្លាប់បាត់បង់ជីវិត និងជាង ៤៥នាក់បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណ:ពេលធ្វើដំណើរលើដងផ្លូវក្នុងព្រះរាជាណាចក្រកម្ពុជា។ ជនរងគ្រោះ ៧២% ក្នុងចំណោមជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ គឺជាអ្នកធ្វើដំណើរតាមម៉ូតូ ហើយក្នុងនោះ៧៣% បានបាត់បង់ជីវិតដោយសារទទួលរងការប៉ះទង្គិចក្បាល ហើយភាគច្រើនជាអ្នកមិនបានពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនបានត្រឹមត្រូវ” ។លោកបានបញ្ជាក់បន្ថែមទៀតថា”សម្រាប់ក្រុមហ៊ុនឈេហ្វរ៉ុន ជឿជាក់យ៉ាងមុតមាំទៅលើការមិនធ្វេសប្រហែសលើការបើកបរ។ ជាលទ្ធផលយើងមិនមែនយកចិត្តទុកដាក់តែទៅលើអ្នកបើកបរពេលនៅលើដងផ្លូវនោះទេ យើងក៏ចង់ឲ្យអ្នកផ្សេងទៀតដែលជាអ្នកប្រើប្រាស់ផ្លូវមានសុវត្ថិភាពផងដែរ។ វាគឺជាទំនួលខុសត្រូវរបស់សង្គមដែលយើងត្រូវតែធ្វើហេតុនេះហើយទើបយើងចង់ឲ្យបុគ្គលិកយើង និងសហគមន៍ដែលយើងធ្វើការ និងរស់នៅជាមួយប្រកបដោយសុវត្ថិភាព។”

 

“នៅពេលរដ្ឋាភិបាលកំពុងខិតខំពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ អង្គការមូលនិធិបង្ការរបួស អាស៊ីជាមួយនឹងដៃគូរបស់យើងបានធ្វើការយ៉ាងជិតស្និទជាមួយសហគម ក្នុងយុទ្ធនាការអប់រំស្តីពីសុវត្ថិភាពចរាចរណ៍” តាមប្រសាសន៍ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា។ សំរាប់អង្គការមូលនិធិបង្ការរបួស អាស៊ី ជឿជាក់ថាការផ្តល់នូវអំណោយដ៏មានសារ:សំខាន់ក៍ដូចជាការផ្សព្វផ្សាយនូវចំណេះដឹងជាដើម ដែលជាការសហការរវាង អង្គការមូលនិធិបង្ការរបួស អាស៊ី ជាមួយក្រុមហ៊ុន ឈេហ្វរ៉ុន ក្នុងការផ្តល់នូវអំណោយមួកសុវត្ថិភាព ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាមួយនឹងការអប់រំអំពីសារសំខាន់នៃការពាក់មួកសុវត្ថិភាព និងរបៀបពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ យើងសង្ឃឹមថាសិស្សានុសិស្សនឹងជួយផ្សព្វផ្សាយពត៌មាន ទាំងនេះទៅដល់គ្រួសារ មិត្តភ័ក្តិ និងសំណូមពរឲ្យលោកគ្រូអ្នកគ្រូ ចូលរួមផ្សព្វផ្សាយពត៌មាន ទាំងនេះទៅថ្ងៃអនាគត។

 

ឈេហ្វរ៉ុនបានធ្វើការចូលរួម ក្នុងយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្សេងៗមួយចំនួន តាំងពីឆ្នាំ២០០៦មក។ ដោយសង្ឃឹមថា នឹងឃើញការធ្លាក់ចុះនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ យើងបានបង្កើនការចូលរួមរបស់យើងនៅក្នុង យុទ្ធនាការសុវត្ថិភាពចរាចរណ៍ពីការរៀបចំកម្មវិធីមួយវិទ្យាល័យនៅឆ្នាំមុន មករៀបចំកម្មវិធីបីវិទ្យាល័យនៅក្នុងឆ្នាំនេះ ដើម្បីធ្វើការចែកជូនមួកសុវត្ថិភាពកាន់តែច្រើន និងធ្វើការអប់រំបនែ្ថម ទៅដល់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងតំបន់ដែលងាយរងគ្រោះ។ លោក Chang បានបន្តថាកម្មវិធីទាំងបីនេះប្រព្រឹត្តិទៅប្រកបដោយភាពអធឹកអធម និងជោគជ័យដោយមានការអញ្ជើញចូលរួមជាគណ:អធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម អគ្គលេខាធិការ គណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកជំទាវ អគ្គលេខាធិការ កាកបាទក្រហម កម្ពុជា ឯកឧត្តម ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណ: អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ តំណាងក្រុមហ៊ុន ឈេហ្វរ៉ុន និងតំណាងអង្គការមូលនិធិបង្ការរបួស អាស៊ី។

នៅក្នុងអង្គពិធីដ៏អធិកអធមនាពេលនោះឯកឧត្តម អ៊ឹង ជុនហួរ អគ្គលេខាធិការ គណ: កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងអំណរគុណដល់អង្គការមូលនិធិបង្ការរបួស អាស៊ី បានរៀបចំពិធីផ្តល់មួកសុវត្ថិភាពដល់សិស្សានុសិស្ស នៅតាមសាលាបឋមសិក្សាមធ្យមសិក្សា និងវិទ្យាល័យ ជាច្រើនរួមទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថានេះជាកាយវិការមួយដ៏ប្រពៃ បង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការទប់ស្កាត់ កាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យថយមកកម្រិតទាបបំផុត។ ឯកឧត្តម ក៍បានរំលឹកដល់អង្គពិធីទាំងមូលអំពីសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសយុទ្ធនាការពាក់មួកសុវត្ថិភាពរបស់អង្គការមូលនិធិបង្ការរបួសអាស៊ី ដែលមានខ្លឹមសារថា “ សូមអំពាវនាឲ្យប្រជាពលរដ្ឋគ្រប់វ័យទាំងអស់ ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវរាល់ពេលធ្វើដំណើរតាមទោចក្រយានយន្តមិនថាបើកបរនៅពេលណា កន្លែងណា ត្រូវតែពាក់មួកសុវត្ថិភាពទាំងអស់គ្នាទាំងអ្នកបើកបរទាំងអ្នករួមដំណើរ។មួកសុវត្ថិភាពការពារអ្នក និងជីវិតអ្នក។ មួកសុវត្ថិភាពមួយ ការពារជីវិតបានម្នាក់” ។

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ គឹមសេង ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណ: អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការពាក់មួកសុវត្ថិភាពដោយគិតទាំងអ្នករួមដំណើរតាមទោចក្រយានយន្ត គឺមានសារ:សំខាន់ណាស់ដែលមិនគួរឲ្យខ្វះបាន ជាក់ស្តែងតួលេខគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងរយ:ពេល៦ខែ ដើមឆ្នាំ២០១២នេះ មានអ្នករងគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់ និងរបួសដោយមិនពាក់មួកសុវត្ថិភាពចំនួន ៤១%ព្រមទាំងបង្កើតឡើងនូវសោកនាដកម្ម ក្នុងរង្វង់គ្រួសារ សាច់ញាតិ សហគមន៍ និងសង្គមជាតិទាំងមូល។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ដែលបង្កឲ្យមានសភាពដូច្នេះកើតឡើងនោះ គឺ: ការបើកបរហួសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនគោរពសិទ្ធិអាទិភាព ។ល។ ក្រៅពីនោះក៏នៅមានកត្តាខ្លះទៀតដូចជាយានយន្តមិនគ្រប់ ឬត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស ផ្លូវថ្នល់មិនទាន់មានស្តង់ដារសុវត្ថិភាព។

មតិយោបល់