ការហូរទឹករំអិលជាតាមទ្វារមាសធម្មតាមានប្រយោជន៍របស់វាច្រើនដូចជា លាងសម្អាត និងបន្សើមទ្វារមាស ព្រមទាំងជួយការពារ និងប្រឆាំងជំងឺឆ្លងតាមទ្វារមាសទៀតផង។ ទោះបីជាក្លិន សភាពនិងចំនួនរបស់វាមានលក្ខណៈធម្មតាក៏ដោយ ក៏ការប្រែប្រួលមួយចំនួននៃការហូរទឹករំអិលនេះប្រហែលជាសញ្ញានៃបញ្ហា ណាមួយហើយ។
ដំបូង វាអាចជួយយើងយល់ដឹងពីភាពខុសគ្នាមួយចំនួនរវាងទឹករំអិលដែលធម្មតា និងមិនធម្មតា។ ទឹករំអិលទ្វារមាសធម្មតាអាចប្រែប្រួលទៅតាមសភាព និងពណ៌របស់វា ដូចជា រាវ ស្អិត ខាប់ និងទន់ៗអន្ធិលៗ។ ចំពោះពណ៌វិញគួរតែថ្លា ស ឬគ្មានពណ៌តែម្តង។
យកល្អ គួរតែយកចិត្តទុកដាក់ចំពោះការប្រែប្រួលទាំងឡាយនៅក្នុងទឹករំអិល ទ្វារមាស ហើយការប្រែប្រួលដូចខាងក្រោមនេះប្រហែលជាអាចបញ្ជាក់ពីបញ្ហាបាន៖
· ប្រែប្រួលទៅលើក្លិន (ជាពិសេសពេលមានក្លិនស្អុយ)
· ប្រែប្រួលទៅលើពណ៌ ឬសភាពរបស់វា (ជាពិសេសពណ៌បៃតង ប្រផេះ ឬអ្វីក៏ដោយដែលដូចជាខ្ទុះ)
· ប្រែប្រួលទៅលើសភាពរបស់វា (ដូចជា មានពពុះ ឬដូចហ្វ្រូម៉ាតពណ៌ស)
· រមាស់ ក្រហាយ ហើម ឬក្រហមនៅទ្វារមាស
· ហូរឈាម ឬកន្ទួលក្នុងទ្វាមាសដែលមិនមែនជាពេលមករដូវ។
ការបង្ករោគក្នុងទ្វារមាសដូចជា ជំងឺរលាកក្នុងទ្វារមាសដោយសារបាក់តេរី រោគផ្សិត (Candidiasis) និងជំងឺ Trichomoniasis សុទ្ធតែពេញនិយមធ្វើអោយប្រែប្រួលដល់ទឹករំអិលក្នុងទ្វារមាសស្ត្រី។ ជំងឺឆ្លងមួយចំនួនដែលអាចបណ្តាលអោយប្រែប្រួលទឹករំអិលទ្វារមាសដែរនោះ គឺ ជំងឺឆ្លងក្នុងពេលរួមភេទ ដូចជាជំងឺប្រមះទឹកបាយជាដើម។
ប្រសិនបើអ្នកសម្គាល់ឃើញមានការប្រែប្រួលទាំងឡាយដែលកើតមានក្នុង ទឹករំអិលរបស់អ្នក ឬយល់ថាអ្នកកំពុងតែមានបញ្ហា អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យអោយបានឆាប់តាមតែអាចធ្វើទៅបាន។
រោគសញ្ញានៃជំងឺឆ្លងទាំងនេះអាចមានលក្ខណៈស្រដៀង គ្នាខ្លាំងណាស់ ប៉ុន្តែយើងមានភាពខុសគ្នាមួយចំនួនទៀតដែលត្រូវស្វែងរកដូចជា៖
· ជំងឺរោគផ្សិតប្រហែលបណ្តាលអោយទឹករំអិលទ្វារមាសក្លាយទៅជាពណ៌ស និងស្អិតខ្លាំង ប្រហាក់ប្រហែលគ្នាទៅនឹងពណ៌ហ្វ្រូម៉ាតសដែរ។ ការបង្ករោគផ្សិតច្រើនតែមិនអោយមានក្លិនអ្វីខ្លាំងនោះទេ ប៉ុន្តែប្រហែលជាអោយមានសញ្ញារមាស់ និងក្រហាយធ្ងន់ធ្ងរ។
· ជំងឺរលាកទ្វារមាសដោយសារបាក់តេរី ប្រហែលជាបណ្តាលអោយទឹករំអិលទ្វាមាសមានក្លិនឆ្អាបដូចត្រី ហើយមានសភាពរាវ និងពណ៌ប្រផេះ។
· ជំងឺ Trichomoniasis ដែលជាជំងឺកាមរោគកើតមានជាញឹកញាប់នោះ ប្រហែលជាបង្កអោយមានក្លិនឈួលខ្លាំង។ ទឹករំអិលប្រហែលក្លាយទៅជាពណ៌បៃតងលាយលឿង និងមានពពុះ។ ជំងឺនេះច្រើនតែបណ្តាលអោយមានការរមាស់ក្នុងទ្វារមាស និងឈឺចាប់ក្នុងពេលបត់ជើងតូច។
យកល្អគួរតែទៅពិគ្រោះជាមួយ គ្រូពេទ្យប្រសិនបើអ្នកមានរោគសញ្ញាទាំងឡាយណាដែលទាក់ទងនឹង ការប្រែប្រួលទឹករំអិលទ្វារមាស។ រឿងនេះពិតជាមានសារៈសំខាន់សម្រាប់ក្មេងស្រីដែលបានរួមភេទរួច ជាពិសេសមិនប្រើស្រោមអនាម័យ។ ប្រសិនបើអ្នកគិតថា ប្រហែលជាមានជំងឺកាមរោគ ឬបានប្រឈមមុខនឹងជំងឺកាមរោគរួចហើយ ចូរធ្វើយ៉ាងណាអោយគ្រូពេទ្យដឹងអំពីរឿងនេះផង។ ជាមួយគ្នានេះដែរចូរទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមនៅពេលការហូរ ទឹករំអិលនោះកើតជាមួយគ្នានឹងក្តៅខ្លួន ឬឈឺពោះ ឬឈឺក្នុងអាងត្រគៀក៕
អត្ថបទ៖health.com.kh
មតិយោបល់